Streamer ជនជាតិកូរ៉េម្នាក់ ត្រូវបានគេហាមឈប់ឱ្យលេង Twitch តទៀត បន្ទាប់ពីគាត់បានវាយតប់គ្នាបែកឈាមក្នុង Live-Stream
អ្នកលេង Twitch ជនជាតិកូរ៉េម្នាក់ ត្រូវបានហាមឃាត់ចេញបណ្ដាញផ្សាយផ្ទាល់នេះភ្លាមៗ បន្ទាប់ពីគាត់បានឈ្លោះ និងវាយតប់យ៉ាងសាហាវជាមួយមិត្តរបស់គាត់ម្នាក់ ក្នុងអំឡុងពេល live-streaming មួយ។ យោងតាមគេហទំព័រ Dexerto ឱ្យដឹងថា បុរសម្នាក់នោះជាម្ចាស់គណនី Twitch ឈ្មោះថា Jangfolk1 (ពាក់អាវពណ៌ស្វាយមានឡូហ្គោ Twitch) បានឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់គាត់ កាលពីថ្ងៃទី២៧ ខែកញ្ញា ហើយពេលនោះពួកគេទាំងពីរហាក់ដូចជាស្រវឹងជោគជាំផងដែរ។

នៅក្នុងរូបភាព និងវីដេអូក៏បានបង្ហាញឱ្យឃើញដែរថា កំប៉ុង និងដបស្រាជាច្រើនមានពេញលើតុ នៅពេលដែលពួកគេចាប់ផ្តើមការផ្សាយផ្ទាល់នោះ។ បន្ទាប់មកអ្នកទាំងពីរបានចុះហត្ថលេខាលើក្រដាសមួយ ដែលអ្នកទស្សនាខ្លះបានរាយការណ៍ថា វាជាបែបបទនៃការយល់ព្រមមិនប្តឹងគ្នា។ រឿងរ៉ាវបានចាប់ផ្ដើមនៅពេលមិត្តរបស់ Jangfolk1 ចំអកថាគាត់មាន follower តិចណាស់ ហើយការចំអកនេះក៏បានក្លាយជាប្រធានបទឱ្យពួកគេវាយតប់ក្នុងការផ្សាយផ្ទាល់នោះតែម្ដងទៅ។
ក្រោយមកប៉ូលីសក៏បានចុះទៅផ្ទះរបស់គាត់ ហើយមិត្តរបស់គាត់ក៏ត្រូវបានបញ្ជូនទៅព្យាបាល។ Jangfolk1 ពេលនេះត្រូវបានគេហាមឃាត់ឈប់ឱ្យប្រើប្រាស់ Twitch ទៀតហើយ។ យ៉ាងណាមិញគាត់បានប្រាប់ទៅ Afreeca TV ថា មិត្តរបស់គាត់ម្នាក់នោះតែងតែបង្កើតបញ្ហាពេលដែលខ្លួនស្រវឹង ហើយ Jangfolk1 ចង់ឱ្យរឿងវាល្អឡើងវិញបន្ទាប់ពីមិត្តគាត់បានសុំទោសគាត់ពីរឿងលើកមុន ប៉ុន្តែគាត់នៅតែបង្កបញ្ហាជាថ្មីម្ដងទៀត៕



អត្ថបទ៖ លីដា