អាជ្ញាធរម៉ាឡេស៊ីចេញយុទ្ធនាការក្តៅចុះបង្ក្រាបអ្នកលក់ online ដែល Live លក់កាបូបក្លែងក្លាយយ៉ាងសកម្មតាមហ្វេសប៊ុក
ម៉ាឡេស៊ី៖ ក្រសួងពាណិជ្ជកម្មក្នុងស្រុក និងអធិការកិច្ចរបស់ម៉ាឡេស៊ីបានចុះទៅបង្ក្រាបហាងលក់កាបូបក្លែងក្លាយមួយកន្លែង ដែលកំពុងធ្វើប្រតិបត្តិការណ៍ live លក់តាមបណ្តាញសង្គម Facebook និង Instagram យ៉ាងសកម្ម។ ហាងលក់កាបូបក្លែងក្លាយមួយនោះមានទីតាំងស្ថិតនៅតំបន់ Jalan Serai Wangi ក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់ពីអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ហាងមួយនេះមានកាបូបម៉ាកល្បីៗជាច្រើនដូចជា Louis Vuitton (LV), Gucci, Chanel និង Yves Saint Laurent ដែលមានតម្លៃសរុបប្រមាណជាង ៦ ៦០០ ដុល្លារអាមេរិក។
ចំពោះតម្លៃលក់រាយវិញហាងមួយនេះបានដាក់លក់កាបូបសម្រាប់មនុស្សប្រុសក្នុងតម្លៃចន្លោះពី ១០-១២ ដុល្លារ កាបូបដៃសម្រាប់មនុស្សស្រីមានតម្លៃចន្លោះពី ២០-៣០ ដុល្លារ។ ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះគេអាចរឹបអូសបានកាបូបក្លែងក្លាយជាង ៣០០ និងឃាត់ខ្លួនបុគ្គលិកលក់ជាស្ត្រីម្នាក់អាយុ ៣០ ឆ្នាំ ផងដែរ។ យោងតាមច្បាប់របស់ម៉ាឡេស៊ីអ្នកដែលប្រព្រឹត្តិអំពីខុសច្បាប់ដូចក្នុងករណីខាងលើអាចប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៣ ៦៨៥ ដុល្លារចំពោះផលិតផលក្លែងក្លាយមួយដែលពួកគេមាន៕

អត្ថបទ៖ ភក្តី

