ជនមិនស្គាល់មុខបានគូសបំផ្លាញរូបគំនូរ និងលួចយកកោដ្ឋរបស់ មហាត្មៈ គន្ធី ចំថ្ងៃប្រារព្ធខួបកំណើតគម្រប់ ១៥០ឆ្នាំ របស់គាត់
ឥណ្ឌា៖ ប៉ូលីសបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា នេះថា រូបគំនូររបស់ មហាត្មៈ គន្ធី ដែលតាំងនៅឯ Bapu Bhawan ក្រុង Rewa រដ្ឋ Madhya Pradesh ត្រូវបានជនមិនស្គាល់មុខគូសបំផ្លាញ នៅចំថ្ងៃបុណ្យ Gandhi Jayanti ដែលត្រូវជាខួបលើកទី១៥០ នៃថ្ងៃកំណើតរបស់គាត់។ ជននោះក៏បានលួចយកទាំងកោដ្ឋដាក់ធាតុរបស់គាត់ទៅជាមួយផងដែរ ហើយថែមទាំងបានសរសេរថា “deshdrohi” ដែលមានន័យថា “ជនក្បត់” នៅលើរូបគំនូររបស់គាត់ទៀតផង។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធ ទី០២ ខែតុលា នៅពេលដែលប្រទេសឥណ្ឌាកំពុងប្រារព្ធខួបកំណើតដល់វិញ្ញាណក្ខន្ធ មហាត្មៈ គន្ធី ដែលជាព្រះវរបិតានៃប្រជាជាតិ។ ក៏មានការសង្ស័យដែរថា វាជាស្នាដៃរបស់អ្នកគាំទ្ររបស់ Nathuram Godse ដែលជាឃាតករសម្លាប់ មហាត្មៈ គន្ធី ហើយចុងក្រោយក៏ត្រូវបានគេដាក់ទោសប្រហារជីវិត។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ដ្រីកំពុងស៊ើបអង្កេតរឿងនេះ ហើយកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ា CCTV ផងដែរ៕


អត្ថបទ៖ លីដា