មគ្គុទ្ទេសខ្មែរ ឈ្នះពានរង្វាន់ពិភពលោក The world’s best tour guide 2019 ក្នុងចំណោមបេក្ខភាព៤០០០មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតមកពីជុំវិញពិភពលោក
ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះ លោក មាស ចន្ថា ដែលបានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។
ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក មាស ចន្ថា ដែលភ្ញៀវទេសចរបានហៅគាត់ថា លោក ជេក (Jack) ជាមគ្គុទ្ទេសក៍ទេសចរណ៏នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និងមិនមានភាពល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថាជោគជ័យនេះបង្ហាញពីមោទនភាពដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេ្ទសក៍ទេសចរណ៏ ជាកត្តាជម្រុញដ៍មានប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាមកម្ពុជា៕



ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប