កុំសាងកុសលដែលចេញពីអំពើបាប! អ្នកលេងបណ្ដាញសង្គមម្នាក់សម្ដែងការហួសចិត្ត បន្ទាប់ពីគាត់បានឃើញមានការលក់បក្សីច្រកចូលក្នុងថង់ប្លាស្ទិចយ៉ាងគួរឱ្យអាណិត
ថៃ៖ អុ្នកលេងហ្វេសប៊ុកថៃម្នាក់កាលពីម្សិលមិញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានសរសេរសារមិនពេញចិត្តមួយបង្ហោះទៅក្នុងបណ្ដាញសង្គម អំពីស្ត្រីចំណាស់ម្នាក់នៅខេត្ត Kalasin ភាគឦសាន ដែលលក់ចាបរស់ច្រកក្នុងថង់ទៅឱ្យមនុស្ស ដែលចង់ប្រលែងចាបរំដោះគ្រោះ។ អ្នកលេងហ្វេសប៊ុក Tul Pewthongngam បានសរសេរថា៖ “បក្សីនីមួយៗដាក់ក្នុងថង់ប្លាស្ទិចតូចមួយ ដែលមានប្រហោងតូចៗដើម្បីឱ្យវាដកដង្ហើមបាន” គាត់បន្ដថា “ខ្ញុំបានសួរយាយថា តើយាយមានអារម្មណ៍អាណិតចំពោះបក្សីដែរ ឬទេ ហើយគាត់បានឆ្លើយថា ទេ! សូម្បីតែឧក្រិដ្ឋជនក៏នឹងត្រូវបានគេដាក់ពន្ធនាគារដែរ” ប៉ុន្តែបក្សីទាំងនោះគឺគ្មានកំហុសទាល់តែសោះ!

បុរសជាម្ចាស់គណនី Tul Pewthongngam បានបន្ថែមថា ស្ត្រីម្នាក់នោះលក់បក្សីមួយក្បាលក្នុងតម្លៃ ១០០បាត ដល់មនុស្សដែលចង់ធ្វើបុណ្យ ដោយការដោះលែងសត្វ។ ហើយជារឿយៗបក្សីត្រូវបានគេចាប់ដាក់ទ្រុងលក់បែបនេះ ទៅឱ្យមនុស្សដែលចង់សាងកុសល ប៉ុន្តែអ្នកសាងកុសលបានយ៉ាងម៉េច ប្រសិនបើការចង់សាងកុសលរបស់អ្នក គឺចេញពីអំពើបាបរបស់អ្នកលក់? រឿងនេះត្រូវបានចែករំលែកដោយអ្នកអានជាង ១៥,០០០នាក់ ដែលបាននិយាយថា វាជាអំពើសាហាវឃោរឃៅបំផុតចំពោះសត្វដែលមិនដឹងអ្វី៕
អត្ថបទ៖ លីដា