ជប៉ុន និងសិង្ហបុរី ឈរលំដាប់លេខ១ ជាប្រទេស ដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពល ចុះខ្មែរយើងលេខប៉ុន្មានទៅ?
Henley Passport Index ទើបតែបានបញ្ចេញសន្ទស្សន៍លិខិតឆ្លងដែនរបស់ខ្លួនជារៀងរាល់ត្រីមាស ហើយគិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជប៉ុន និងសិង្ហបុរី បន្តឈរលំដាប់លេខ ០១ ដោយប្រទេសទាំង ២ អាចផ្តល់សិទ្ធិឱ្យអ្នកកាន់ទិដ្ឋាការចូលទៅកាន់គោលដៅចំនួន ១៩០ យ៉ាងងាយស្រួល។

អាឡឺម៉ង់ ហ្វាំងឡង់ និងកូរ៉េខាងត្បូង បានឈរនៅចំណាត់ថ្នាក់ទី២ ដែលផ្តល់សិទ្ធិឱ្យអ្នកកាន់លិខិតឆ្លងដែនចូលទៅកាន់គោលដៅចំនួន ១៨៨ ។ ចំណែកប្រទេសដាណឺម៉ាក អ៊ីតាលី និងលុចសំបួ ឈរនៅលំដាប់ទី៣ អាចផ្តល់ជូនអ្នកកាន់លិខិតឆ្លងដោយមិនមានទិដ្ឋការ ចូលទៅកាន់គោលដៅចំនួន ១៨៧ ផ្សេងគ្នា។
ប្រទេសនៃសហគមន៍អ៊ឺរ៉ុបដូចជា ប្រទេសបារាំង ស៊ុយអែត និងអេស្បាញ ជាប់ចំណាត់ថ្នាក់ទី៤ ដោយទទួលបានទិដ្ឋាការចូលទៅកាន់ប្រទេសចំនួន ១៨៦ ។ ប្រទេសអូទ្រីស ហូឡង់ និងព័រទុយហ្កាល់ ជាប់ចំណាត់ថ្នាក់ទី៥ អាចចូលទៅកាន់គោលដៅចំនួន ១៨៥ ។ ចំណែកកម្ពុជា ឈរនៅលេខរៀងទី ៨៨ អាចចូលទៅកាន់គោលដៅចំនួន ៥៣ ដោយមិនចាំបាច់សុំទិដ្ឋាការ៕


អត្ថបទ៖ លីដា