អាមេរិកនឹងមិនឱ្យទិដ្ឋាការដល់ជនអន្តោប្រវេសន៍ ដែលគ្មានសមត្ថភាពក្នុងការចំណាយលើសេវាថែទាំសុខភាពនោះទេ
សេតវិមានបានប្រកាសថា រដ្ឋបាលរបស់លោក ត្រាំ នឹងបដិសេធទិដ្ឋាការដល់ជនអន្តោប្រវេសន៍ណា ដែលមិនអាចបញ្ជាក់ថា ពួកគេនឹងមានការធានារ៉ាប់រងសុខភាព ឬមានសមត្ថភាពក្នុងការចំណាយសម្រាប់ថ្លៃព្យាបាល។ ហើយការផ្លាស់ប្ដូរនេះផងដែរ គឺកំពុងតែបំផ្លាញដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅស្របច្បាប់លើទឹកដីអាមេរិក។

លោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសមួយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ដោយបញ្ជាឱ្យមន្រ្តីកុងស៊ុលរារាំងជនអន្តោប្រវេសន៍ដែលកំពុងស្វែងរកការរស់នៅក្នុងសហរដ្ឋអាមេរិក លើកលែងតែពួកគេមានការធានារ៉ាប់រងសុខភាពដែលបានអនុម័ត ឬអាចបញ្ជាក់ថាពួកគេមាន “ធនធានហិរញ្ញវត្ថុ ដើម្បីទូទាត់សមរម្យ” លើការចំណាយលើការព្យាបាលដែលអាចមើលបានជាមុន។
លោកប្រធានាធិបតីនិយាយថា ជនអន្តោប្រវេសន៍ស្របច្បាប់ភាគច្រើនគឺគ្មានធនសម្រាប់ព្យាបាលខ្លួននោះទេ វាច្រើនជាងជនជាតិអាមេរិក ៣ដង ឯណោះ ហើយដូច្នេះវាបានក្លាយជាបន្ទុកលើមន្ទីរពេទ្យ និងអ្នកបង់ពន្ធនៅសហរដ្ឋអាមេរិក។ ពួកគេនិយាយថា ជនអន្តោប្រវេសន៍ ២៣% គ្មានធនធានហិរញ្ញវត្ថុ ខណៈដែលជនជាតិអាមេរិកមានតែ ៨% ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា