សភាតំណាងរាស្រ្តអាមេរិកកោះហៅពួកសេតវិមាន ជុំវិញឯកសារពាក់ព័ន្ធរវាងលោក ដូណាល់ ត្រាំ និងអ៊ុយក្រែន
អាមេរិក៖ ក្រុមសភាដែលគ្រប់គ្រងដោយពួកប្រជាធិបតេយ្យ បានចេញដីកាកោះហៅពួកសេតវិមាន សម្រាប់ឯកសារពាក់ព័ន្ធនឹងការទាក់ទងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយប្រទេសអ៊ុយក្រែន។ វាគឺជាលើកទី១ ដែលពួកគេបានកោះហៅសេតវិមាន សម្រាប់នីតិវិធីចោទប្រកាន់។ ប្រធានគណៈកម្មាធិការទាំងបីនៃសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យបានចេញបទបញ្ជាស្របច្បាប់មួយកាលពីថ្ងៃសុក្រនេះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើលោក ដូណាល់ ត្រាំ។ ពួកគេបានព្រមានថា ការមិនគោរពតាមការស្នើសុំនឹងជាភស្តុតាងបង្ហាញពីការគេចវេះ។

លោកប្រធានាធិបតីកំពុងប្រឈមមុខនឹងការចោទប្រកាន់ដែលថា លោកបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន ផ្ដល់មានមិនពិតអំពីអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាអ្នកប្រជែងនាំមុខគេរបស់បក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ ។ រឿងរ៉ាវចាប់ផ្ដើមកាន់តែក្ដៅឡើងៗ ខណៈលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងសហការជាមួយការស៊ើបអង្កេតនេះ ប៉ុន្តែលោកនៅតែមានប្រតិកម្មយ៉ាងខ្លាំងទៅពួកប្រជាធិបតេយ្យ៕

អត្ថបទ៖ លីដា