ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកទៅលេងថៃលើកដំបូងប្រយ័ត្នរឿងទាំង ១០ នេះ ប្រយ័ត្នត្រូវគេធ្វើស៊ី

    BY autoadmin October 16, 2019
    អ្នកទៅលេងថៃលើកដំបូងប្រយ័ត្នរឿងទាំង ១០ នេះ ប្រយ័ត្នត្រូវគេធ្វើស៊ី

    ចំពោះភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅក្រៅប្រទេសមួយចំនួនធំងាយនឹងចាញ់បោក ឬភ្លើតភ្លើនចំពោះសេវាកម្ម និងការកំសាន្តផ្សេងៗដែលមានលក្ខណៈទាក់ទាញ ថ្មី និងប្លែកសម្រាប់ពួកគេខ្លាំងណាស់។ ដើម្បីចៀសវាងការខកបំណងផ្សេងៗពេលទៅកំសាន្តនៅក្នុងប្រទេសថៃជាលើកដំបូងនោះ អង្គភាពខ្មែរណូតសូមណែនាំលោកអ្នកឲ្យប្រុងប្រយ័ត្នចំពោះរឿងចំនួន ១០ ដូចខាងក្រោមនេះ៖

    ១. ការទិញគ្រឿងអលង្ការ៖ ប្រសិនបើលោកអ្នកចង់ទិញគ្រឿងអលង្ការនោះសូមដើរទៅកាន់ហាង ដើម្បីត្រួតពិនិត្យ និងតថ្លៃវាដោយខ្លួនឯង ចៀសវាងកុំឲ្យអ្នកបើកតាក់ស៊ី ឬតុកតុកជូនទៅឲ្យសោះ ព្រោះប្រសិនបើពួកគេជូនលោកអ្នកទៅ ពួកគេនឹងទទួលបានប្រាក់ភាគលាភពីម្ចាស់ហាងចំនួន ៥០% នៃតម្លៃសរុប ដូចនេះវាក៏ធ្វើតម្លៃគ្រឿងអលង្ការដែលលោកអ្នកចង់ទិញនោះឡើងថ្លៃផងដែរ។

    ២. ការជិះតុកនិងតាក់ស៊ី៖ បើលោកអ្នកជិះតុកតុកត្រូវប្រាកដអំពីតម្លៃ និងទីកន្លែងដែលត្រូវទៅ តែបើជិះតាក់ស៊ីត្រូវឲ្យគេគិតលុយតាមចំនួនគីឡូដែលលោកអ្នកបានជិះ បើមិនដូចនោះទេអ្នកម្ចាស់តុក និងតាក់ស៊ី អាចនឹងគិតលុយច្រើនជាងធម្មតាពីលោកអ្នកជាមិនខាន។

    ៣. ការទាក់ទាញឲ្យលោកអ្នកចូលកន្លែងកំសាន្ត៖ កន្លែងកំសាន្តប្រភេទនេះមានបើកជាច្រើននៅតាមដងផ្លូវ និងមានអ្នកផ្សព្វផ្សាយនៅខាងក្រៅ។ សូមសួរឲ្យច្បាស់អំពីប្រភេទ និងតម្លៃ នៃសេវាកម្មនៅក្នុងផ្ទះទាំងនោះមុនពេលដែលលោកអ្នកចូល ព្រោះមិនដូចនោះទេ លោកអ្នកអាចនឹងចាយលុយច្រើនអត់ប្រយោជន៍។

    ៤. ការបង្ហាញទស្សនីយភាពសិច៖ ការកំសាន្តប្រភេទនេះអាចនឹងគ្មានទេនៅក្នុងប្រទេសមួយចំនួន តែសម្រាប់នៅក្នុងកន្លែងកំសាន្តមួយចំនួនដូចជា Walking Street នៅក្រុងបាតតាយ៉ា ផ្លូវ Bangla ក្នុងខេត្តភូកេត និងតំបន់ Patpong ក្នុងក្រុងបាងកក គឺសម្បូរណាស់។  ការចូលទស្សនានៅក្នុងកន្លែងកំសាន្តទាំងនេះមិនត្រូវបានគិតថ្លៃទិញសំបុត្រចូលឡើយ ដោយតម្រូវឲ្យលោកអ្នកគ្រាន់តែទិញភេសជ្ជៈញ៉ាំប៉ុណ្ណោះ។ តែកុំភ្លេចថាតម្លៃនៃភេសជ្ជៈគឺថ្លៃរួចទៅហើយ ម្យ៉ាងទៀតនៅក្នុងនោះមាននារីស្អាតៗជាច្រើនដែលមានវិធីផ្សេងៗគ្នាក្នុងការសូមលុយធីបពីលោកអ្នក បើមិនប្រយ័ត្នទេលោកអ្នកអាចចាយលុយយ៉ាងច្រើននៅកន្លែងទាំងនេះ។

    ៥. ការជួលម៉ូតទឹកជិះ៖ ពេលជួលម៉ូតូទឹកជិះលេងតាមមាត់សមុទ្រ សូមប្រាដកថាលោកអ្នកបានប្រគល់លុយទៅកាន់ម្ចាស់ម៉ូតូពិតប្រាកដ ដោយលោកអ្នកអាចថតរូបទុកជាភស្តុតាំងពេលប្រគល់លុយ ព្រោះកន្លងមកធ្លាប់មានករណីភ្ញៀវឲ្យលុយជួលទៅកាន់មនុស្សម្នាក់រួចហើយមុនពេលជិះម៉ូតូ តែពេលជិះរួចស្រាប់តែមានមនុស្សផ្សេងទៀតមកទាលុយថ្លៃជួលម្តងទៀត និងអះអាងថា រូបគេទើបជាម្ចាស់ម៉ូតពិតប្រាកដ។

    ៦. ការជួលម៉ូតូជិះ៖ មុននឹងជួលសូមពិនិត្យឲ្យបានច្បាស់ ហើយយកល្អកុំជ្រើសយកប្រភេទម៉ូតូធំៗស្អាតតែមានតម្លៃថោក ព្រោះម៉ូតូទាំងនោះអាចនឹងមានបញ្ហាក្នុងពេលបើកបរ ឬតម្រូវលោកអ្នកចាយលុយជួលជុលបន្ថែមទៀតទៅលើវា។

    ៧. ស្ថានកុងស៊ុលក្លែងក្លាយ៖ រាល់ពេលដែលភ្ញៀវទេសចរណ៍បរទេសមានបញ្ហាធ្ងន់ធ្ងរត្រូវដោះស្រាយ ពួកគេតែងទៅរកកុងស៊ុលតំណាងឲ្យប្រទេសរបស់ពួកគេជួយដោះស្រាយបញ្ហា។ ក្នុងករណីនេះមានជនខិលខូចមួយចំនួនអះអាងថាពួកគេអាចជួយរត់ការឯកសារទៅកាន់កុងស៊ុលរបស់លោកអ្នកដើម្បីដោះ​ស្រាយបញ្ហាបាន តែលោកអ្នកនឹងចំណាយលុយអត់ប្រយោជន៍ជាមួយនឹងពួកគេ។ សូមប្រាកដថា កុងស៊ុលដែលលោកអ្នកត្រូវការនោះ ជាកុងស៊ុលពិតប្រាកដ។

    ៨. ការកំណត់ពេលវេលា៖ នៅក្នុងប្រទេសថៃគេច្រើនផ្តល់សេវាកម្មផ្គួបគ្នាជាកញ្ចប់តែមួយ ដើម្បីទទួលបានតម្លៃពិសេស។ ឧទារហណ៍ថា លោកអ្នកទិញសំបុត្រកំសាន្តកន្លែងមួយក្នុងតម្លៃថ្លៃជាងធម្មតាបន្តិច តែលោកអ្នកអាចកំសាន្តបានច្រើនកន្លែង។ ក្នុងករណីនេះសូមពិនិត្យលើម៉ោងកំណត់នៃការកំសាន្តទាំងនោះឲ្យបានច្បាស់លាស់ ព្រោះវាមានចន្លោះម៉ោងខ្លីៗណាស់ បើលោកអ្នកខកម៉ោងនោះអាចនឹងតម្រូវឲ្យទិញសំបុត្របន្ថែមទៀត។ ការកំណត់ពេលវេលានេះត្រូវធ្វើគ្រប់ពេលទាំងការដើរលេងផ្ទាល់ខ្លួនផងដែរ ព្រោះមនុស្សមួយចំនួនតែងជក់ចិត្តនៅកន្លែងណាមួយច្រើនម៉ោង ដែលធ្វើឲ្យខកដំណើរទៅកន្លែងផ្សេងទៀត និងមានការចំណាយបន្ថែមផងដែរ។

    ៩. ស្រីបា៖ សូមប្រយ័ត្នប៉ះចំមនុស្សខ្ទើយ ព្រោះនៅថៃសម្បូរខ្ទើយណាស់។ ហើយពេលចូលបាម្តងៗក៏ត្រូវប្រយ័ត្នរឿងចាយលុយដែរ ព្រោះលោកអ្នកគ្រាន់តែនិយាយជាមួយស្រីបាបន្តិចពួកគេនឹងមកអង្គុយជាមួយនឹងលោកអ្នកដោយកម៉្មង់ស្រា ឬអ្វីញ៉ាំភ្លាមដោយទុកឲ្យលោកអ្នកជាអ្នកគិតលុយ។

    ១០.ការកាត់ខោអាវ៖ បើមានអ្នកណាម្នាក់មកបញ្ចុះបញ្ចូលឲ្យលោកអ្នកកាត់ខោអាវដោយអះអាងថា ជាងមានស្នាដៃល្អបែបថៃនោះ សូមប្រយ័ត្នព្រោះពួកគេអាចនឹងគិតលុយថ្លៃជាងតម្លៃដែលលោកអ្នកធ្លាប់ចាយនៅក្នុងប្រទេសរបស់លោកអ្នកទៀត៕

    អត្ថបទ៖ភក្តី

    Share This Post: