ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៩៩នាក់បានស្លាប់ និងជិត ៤,០០០នាក់រងរបួស បន្ទាប់ពីរយៈពេល ៥ថ្ងៃ នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅអ៉ីរ៉ាក់

    BY autoadmin October 7, 2019
    មនុស្ស ៩៩នាក់បានស្លាប់ និងជិត ៤,០០០នាក់រងរបួស បន្ទាប់ពីរយៈពេល ៥ថ្ងៃ នៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅអ៉ីរ៉ាក់

    អ៉ីរ៉ាក់៖ អង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យបញ្ចប់ការសម្លាប់ដោយគ្មានសតិជាបន្ទាន់ បន្ទាប់ពីរយៈពេល ៥ថ្ងៃ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យមានការស្លាប់កើនឡើងដល់ ៩៩នាក់ និងជិត ៤,០០០នាក់ រងរបួស។ BBC បានរាយការណ៍ថា អ្នកដែលទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិត ពួកគេគួរតែត្រូវបាននាំយកមកផ្តន្ទាទោស។ ការតវ៉ាប្រឆាំងនឹងភាពអត់ការងារធ្វើ សេវាសាធារណៈមិនល្អ និងអំពើពុករលួយនៅក្នុងប្រទេស បានចាប់ផ្តើមនៅទីក្រុងបាកដាដ មុនពេលផ្សព្វផ្សាយទៅដល់តំបន់ផ្សេងទៀតនៃប្រទេស។

    វាជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីក្រុមដែលគេហៅថា ក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវបានប្រកាសថា ចាញ់នៅអ៊ីរ៉ាក់ក្នុង ឆ្នាំ២០១៧ ។ វាត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមធំដំបូងបង្អស់ចំពោះរដ្ឋាភិបាលដែលផុយស្រួយរបស់នាយករដ្ឋមន្រ្តី Adel Abdel Mahdi ជិតមួយឆ្នាំ ចាប់តាំងពីគាត់ឡើងកាន់អំណាច។ ហើយអាជ្ញាធរបាននិងកំពុងព្យាយាមគ្រប់គ្រងការតវ៉ាតាមរយៈបម្រាមគោចរ និងការបណ្ដាច់ចរន្តអ៊ីនធឺណេតផ្សេងៗ។

    ប្រទេសអ៊ីរ៉ាក់មានប្រេងបម្រុងច្រើនជាងគេទីបួននៅលើពិភពលោក ប៉ុន្តែ ២២.៥% នៃប្រជាជន ៤០លាននាក់ រស់នៅដោយរកប្រាក់បានតិចជាង ១.៩០ដុល្លារ/ថ្ងៃ នៅក្នុងឆ្នាំ២០១៤ នេះបើយោងតាមធនាគារពិភពលោក។ មួយក្នុងចំនោមគ្រួសារចំនួន ៦ បានជួបប្រទះនូវបញ្ហាអសន្តិសុខស្បៀងមួយចំនួន ហើយអត្រាគ្មានការងារធ្វើមាន ៧.៩% កាលពីឆ្នាំមុន និងក្នុងចំណោមយុវជនវាមានចំនួនទ្វេដង។ ស្ទើរតែ ១៧% នៃប្រជាជនដែលសកម្មផ្នែកសេដ្ឋកិច្ច គឺមិនមានការងារធ្វើនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: