ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចៅក្រមថៃម្នាក់បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សវនាការ ដោយមិនក្បត់នឹងឆន្ទៈក្នុងការទាមទាររកយុត្តិធម៌

    BY autoadmin October 7, 2019
    ចៅក្រមថៃម្នាក់បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សវនាការ ដោយមិនក្បត់នឹងឆន្ទៈក្នុងការទាមទាររកយុត្តិធម៌

    ចៅក្រមជនជាតិថៃម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់សវនាការ បន្ទាប់ពីការថ្លែងសុន្ទរកថាដ៏កម្រមួយប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ ចៅក្រមលោក Kanakorn Pianchana បានដោះលែងជនមូស្លីមចំនួន ៥នាក់ ដែលត្រូវបានគេចោទប្រកាន់ពីបទឃាតកម្ម កាលពីថ្ងៃសុក្រ មុនពេលអំពាវនាវទាមទារឱ្យរកយុត្តិធម៌ក្នុងការកាត់ក្ដីនេះ។ បន្ទាប់មកគាត់បានស្បថមិនក្បត់ឆន្ទៈដោយដកកាំភ្លើងខ្លីមួយដើម ហើយបាញ់ខ្លួនឯងចំទ្រូង។ ប៉ុន្តែយ៉ាងណាក៏ដោយលោកចៅក្រមពេលនេះបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ វាមិនច្បាស់នោះទេថា មានរឿងអ្វីដែលធ្វើឱ្យលោកចៅក្រមធ្វើឃាតខ្លួនឯង ប៉ុន្តែវាទំនងជាគាត់រងសម្ពាធនៅក្នុងការកាត់ក្ដីនេះ។

    លោក Kanakorn Pianchana ធ្វើការនៅឯតុលាការក្រុងយ៉ាឡា នៅភាគខាងត្បួងនៃប្រទេសថៃ។ បន្ទាប់ពីដោះលែងជនមូស្លីមទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងប្រើអាវុធរួចមក លោកក៏បានថ្លែងទៅកាន់តុលាការដោយសុន្ទរកថាយ៉ាងមោះមុត ដែលផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផងដែរ។

    លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវការភស្តុតាងច្បាស់លាស់ និងគួរឱ្យទុកចិត្តដើម្បីដាក់ទណ្ឌកម្មនរណាម្នាក់។ ដូច្នេះប្រសិនបើអ្នកមិនប្រាកដ កុំដាក់ទណ្ឌកម្មពួកគេ”។

    លោកបានបន្ថែមថា៖ “ខ្ញុំមិននិយាយថាជនជាប់ចោទទាំង ៥នាក់ មិនបានប្រព្រឹត្តិបទឧក្រិដ្ឋទេ ពួកគេប្រហែលជាបានប្រព្រឹត្តដូច្នេះ។

    “ប៉ុន្តែដំណើរការតុលាការត្រូវការតម្លាភាព និងគួរឱ្យទុកចិត្ត … ការដាក់ទណ្ឌកម្មលើមនុស្សខុសធ្វើឱ្យពួកគេក្លាយជាឃាតករសប្បនិម្មិត”។

    ការផ្សាយនៅក្នុងហ្វេសប៊ុកត្រូវបានលុបចេញ ប៉ុន្តែមនុស្សនៅក្នុងតុលាការបាននិយាយថា ចៅក្រមបានអានសម្បថនៅចំពោះមុខព្រះឆាយាល័ក្ខណ៍បញ្ឈររបស់អតីតព្រះមហាក្សត្រថៃមុនពេលយកកាំភ្លើងខ្លីមួយដើមមកបាញ់ខ្លួនឯង។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលគាត់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពល្អវិញហើយពេលនេះ។ នៅមិនទាន់ដឹងច្បាស់ទេថា ហេតុអ្វីបានជាលោកចៅក្រមប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែលោក Suriyan Hongvilai អ្នកនាំពាក្យការិយាល័យតុលាការបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកបានបាញ់សម្លាប់ខ្លួនឯងដោយសារតែ “ភាពតានតឹងផ្ទាល់ខ្លួន” ៕

    អត្ថបទ៖ លីដា

    Share This Post: