ក្រុងសៃហ្គនរបស់វៀតណាមចង់ឱ្យហាងលក់រាយទាំងអស់ កាត់ចេញនូវការប្រើប្រាស់ថង់ប្លាស្ទិចនៅត្រឹម ឆ្នាំ២០២០
វៀតណាម៖ នៅឆ្នាំ២០២០ ទីក្រុងហូជីមិញ (ឬសៃហ្គន) មានបំណងឱ្យផ្សារទំនើបតូចធំ និងហាងលក់សៀវភៅនានា ត្រូវជំនួសការប្រើថង់ប្លាស្ទិចរបស់ពួកគេ ដោយជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន។ អាជ្ញាធរទីក្រុងដាក់ការផ្លាស់ប្តូរនេះឡើង បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិច ដែលបានចាប់ផ្តើមកាលពីខែមិថុនា ដោយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានសកម្មភាព ដើម្បីសម្រេចបាននូវការកាត់ចោលនូវការប្រើប្រាស់ប្លាស្ទិច (disposable plastic) នៅតាមហាងក្នុងទីក្រុង ផ្សារទូទៅ និងផ្សារទំនើប នៅឆ្នាំ២០២១ និងពង្រីកវានៅទូទាំងប្រទេសនៅឆ្នាំ២០២៥។

ផ្សារទំនើបជាច្រើននៅក្នុងទីក្រុងសៃហ្គន ដែលជាក្រុងមានប្រជាជន ១៣លាននាក់ រួមទាំងជនចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ បានចាត់វិធានការដំបូងដើម្បីកាត់ការប្រើប្រាស់ប្លាស្ទិចនេះ ដោយរុំផលិតផលរបស់ពួកគេជាមួយនឹកស្លឹកចេក។ ផ្សារទំនើបទាំងអស់នៅក្នុងទីក្រុងពេលនេះ មានលក់នូវកាបូបយួរដៃដែលអាចប្រើឡើងវិញបាន ដោយមានទំហំខុសៗគ្នាអមជាមួយផ្លាកសញ្ញាស្នើឱ្យអតិថិជនប្តូរទៅប្រើប្រាស់ពួកវាវិញ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែឧសភា ក្រុមហ៊ុន Saigon Co.op បានឈប់លក់បំពង់បឺតប្លាស្ទិចនៅតាមហាងទាំងអស់របស់ខ្លួន ហើយជំនួសវាដោយផលិតផលធ្វើពីក្រដាស អង្ករ ដែកអ៊ីណុក កញ្ចក់ និងវត្ថុធាតុដើមផ្សេងៗទៀតដែលមិនប៉ះពាល់ដល់បរិស្ថាន៕



អត្ថបទ៖ លីដា