នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងថា៖ មេដឹកនាំក្រុងហុងកុងគួរតែលាឈប់ពីតំណែងទៅ
នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Mahathir Mohamad បានថ្លែងថា មេដឹកនាំក្រុងហុងកុងគួរតែលាឈប់ពីតំណែង ដើម្បីឆ្លើយតបទៅនឹងការប្រឆាំងតវ៉ាទាមទារប្រជាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋហុងកុង។ នាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះបានព្រមានទៀតថា ចិនអាចនឹងប្រើប្រាស់វិធីឃោឃៅជាច្រើនរូបភាពដើម្បីបញ្ចប់ការតវ៉ារបស់ក្រុមបាតុករ។

នាយករដ្ឋមន្ត្រីដែលជាមេដឹកនាំប្រទេសមានវ័យចាស់ជាងគេលើពិភពលោករូបនេះក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ទៅកាន់លោកស្រី Carrie Lam ដែលជាមេដឹកនាំក្រុងកុងថា៖ “លោកស្រ្តី Carrie Lam កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកមួយ ព្រោះលោកស្រីត្រូវធ្វើការងារតាមបញ្ជារបស់ចៅហ្វាយគាត់ ខណៈខ្លួនគាត់ផ្ទាល់ក៏បានដឹងយ៉ាងច្បាស់ការទាមទាររបស់ប្រជាពលរដ្ឋហុងកុងជារឿងត្រឹមត្រូវមួយ”។
សូមរម្លឹកជូនថា បាតុកម្មនៅក្នុងក្រុងហុងកុងបានអូសបន្លាយរយៈពេលជាង ៤ ខែហើយបើគិតមកទល់នឹងពេលនេះ ដែលបាតុកម្មនេះផ្ដើមដោយប្រជាពលរដ្ឋហុងកុងមិនពេញចិត្តនឹងការធ្វើបត្យាប័នមួយចំនួនរបស់ប្រទេសចិនមកកាន់ក្រុងហុងកុង និងទាមទារលទ្ធិប្រជាធិបតេយ្យ ហើយមែនទែនទៅគេជឿថាប្រជាពលរដ្ឋហុងកុងចង់ផ្ដាច់ខ្លួនក្លាយជាប្រទេសឯករាជមួយតែម្តង៕

អត្ថបទ៖ ភក្តី