ព័ត៌មានជាតិ

ទំពាំងរលួយ! អាយុទើប១៥-១៦ឆ្នាំសោះ នាំគ្នាដើរលេងវាយកាប់ចាក់គ្នា ហើយប្រើគ្រឿងញៀនទៀត

BY
Khmernote Media
October 8, 2019

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ១៤នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណី ហិង្សា(កាប់ម៉ូតូ) និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីន អ៊ីចិន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងប្អូនប្រុស បានជិះម៉ូតូទៅផ្សារសហគមន៍ ដើម្បីទិញស្បែកជើង ពេលពួកខ្លួនចូលដល់ក្នុងផ្សារ ស្រាប់តែមានគេប្រាប់ថា មានក្មេង ០១ក្រុម បានប្រើពូថៅកាប់ម៉ូតូរបស់ខ្លួនខ្ទេចអស់ហើយ ខ្លួនចេញមកមើល ក៏ឃើញម៉ូតូត្រូវគេកាប់ខ្ទេចផ្នែកខាងមុខ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថបានចុះធ្វើការស៊ើបអង្កេត និងកំណត់បានមុខសញ្ញាជនសង្ស័យ ធ្វើការកោះហៅជនសង្ស័យមកសាកសួរ និងឃាត់ខ្លួនតែម្តងក្រោយពីការសាកសួររួច ចំនួន ០៥នាក់ រួមមាន៖

+ ១-ឈ្មោះ សុខ គឹមណង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ
+ ២-ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ
+ ៣-ឈ្មោះ ថុង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
+ ៤-ឈ្មោះ ប៉ែន ឡុងស៊ាង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង បច្ចុប្បន្នរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
+ ៥-ឈ្មោះ ឌី សុខលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង បច្ចុប្បន្នរស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ដកហូតវត្ថុតាងរួមមាន ៖ -ពូថៅ ០១ដើម -ខ្សែច្រវ៉ាក់ថ្ពក់សោរខាងចុង និងមានស្នាប់ដៃសម្រាប់កាន់ ០១ខ្សែ -ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ត្រី គុណ ណាវ នាយការិយាល័យបទល្មើសប្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួន (ប៉ែន ឡុងស៊ាង) ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយយល់ថាម្ចាស់ម៉ូតូនេះធ្លាប់កាប់ម៉ូតូរបស់ក្រុមខ្លួនដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

Share This Post: