អន្តរជាតិ

ចៅហ្វាយក្រុងម្នាក់ត្រូវពលរដ្ឋចាប់ចងពីក្រោយឡាន និងអូសកាត់ថ្នល់យ៉ាងសាហាវ ដោយសារមិនធ្វើថ្នល់ ដែលខូចតាមសន្យា (មានវីដេអូ)

BY
autoadmin
October 10, 2019

ថ្មីៗនេះអភិបាលក្រុងម៉ិកស៊ីកូម្នាក់ត្រូវបានគេចងជាប់នឹងឡានដឹកទំនិញ ហើយអូសគាត់កាត់តាមថ្នល់យ៉ាងសាហាវ ដោយសារអ្នកភូមិមានការខឹងសម្បារជាមួយគាត់រឿង “សន្យា” ប៉ុន្តែមិនព្រមបំពេញធ្វើសោះ។ លោក Jorge Luis Escandon Hernandez ជាចៅហ្វាយក្រុង Las Margaritas នៅរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ីក ហើយគាត់ត្រូវបានក្រុមអ្នកស្រុកព្រួតគ្នាចាប់យកពីការិយាល័យតែម្ដង។ បើតាម Daily Mail ឱ្យដឹងថា អ្នកស្រុកត្រូវបង្ខំចិត្តអូសគាត់ចេញពីកន្លែងធ្វើការ និងធ្វើបាបគាត់បែបនេះ ដោយសារតែលោកចៅហ្វាយក្រុងមិនដែលបំពេញអ្វីដែលគាត់បានសន្យានោះទេ បូករួមទាំងរឿងធ្វើផ្លូវថ្នល់ដែលខូចផងដែរ។

នៅក្នុងវីដេអូបានបង្ហាញពីក្រុមអ្នកភូមិដៃមានកាន់ដំបង បានចូលទៅអូសលោកចៅហ្វាយក្រុងដល់កន្លែងធ្វើការ។ បន្ទាប់មកពួកអ្នកភូមិបានចាប់គាត់ចងពីក្រោយឡានដឹកទំនិញម៉ាក Toyota និងអូសគាត់កាត់ថ្នល់តែម្ដង (មិនច្បាស់ថាអូសប៉ុន្មានម៉ែត្រនោះទេ) ។ ក្នុងហេតុការណ៍នោះមានមន្ដ្រីប៉ូលីសចំនួន ៤០នាក់ បានចុះទៅបង្រ្កាប ខណៈមានអ្នករងរបួស ២០នាក់ និងចាប់ខ្លួនបាន ៣០នាក់ ។ ហេតុការណ៍បែបនេះមិនមែនជាលើកដំបូងសម្រាប់គាត់ទេ ដោយប៉ុន្មានខែមុខអ្នកភូមិក៏បានគប់បែកកញ្ចក់បង្អួចការិយាល័យរបស់គាត់ផងដែរ។ យ៉ាងណាមិញ ៨ម៉ោង ក្រោយបន្ទាប់ពីត្រូវបានរំដោះរួច លោកចៅហ្វាយក្រុងបានចេញមុខមកប្រកាសថា លោកនឹងដាក់បណ្ដឹងពីបទចាប់ពង្រត់ និងប៉ុនប៉ងធ្វើឃាតពីក្រុមអ្នកភូមិទាំងនោះ៕

អត្ថបទ៖ លីដា

Share This Post: