ផ្ទុះការតវ៉ានៅតំបន់ Chinatown ក្នុងសហរដ្ឋអាមេរិក ក្រោយម្ចាស់ផ្ទះជួលចង់បណ្តេញពលរដ្ឋអាស៊ីមួយចំនួនមានទាំងខ្មែរ ថៃ វៀតណាមចេញពីសហគមន៍នេះ
ក្រុមជនជាតិវៀតណាម ថៃ និងខ្មែរ ដែលបានរស់នៅក្នុងតំបន់ Chinatown (សហគមន៍ប្រជាពលរដ្ឋចិនរស់នៅ) នៅក្នុងក្រុង Los Angeles សហរដ្ឋអាមេរិកបាននាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាជាមួយនឹងម្ចាស់ផ្ទះពួកគេ ដែលបានដំឡើងថ្លៃជួលផ្ទះលើសពីលទ្ធភាពរបស់ពួកគេ និងប្រាប់ឲ្យពួកគេត្រូវចាកចេញក្នុងរយៈពេល ៦០ ថ្ងៃ ប្រសិនបើពួកគេគ្មានលទ្ធភាពតាមតម្លៃកំណត់។ សូមរម្លឹកជូនថា តំបន់ Chinatown មួយនេះត្រូវបានកកើតឡើងអស់រយៈកាលប្រមាណជា ១៣០ ឆ្នាំមកហើយ ហើយក្រោយមកមានជនភៀសខ្លួនមកពីប្រទេសវៀតណាម ថៃ និងខ្មែរក៏បាននាំគ្មាទៅរស់នៅក្នុងតំបន់នេះដែរ។
ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ការរស់នៅរបស់ប្រជាពលរដ្ឋមកពីបណ្តាប្រទេសផ្សេងគ្នាក្នុងសហគមន៍មួយនេះមិនដែលមានបញ្ហាធំដុំអ្វីឡើយ ទើបតែពេលថ្មីៗស្រាប់តែមានប្រជាពលពលរដ្ឋជាច្រើនរយនាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងក្រុមម្ចាស់ផ្ទះ ដែលបានសម្រេចដំឡើងថ្លៃជួលផ្ទះ និងផ្តល់ជម្រើសឲ្យពួកគេចាកចេញពីតំបន់នេះតែម្តង ប្រសិនបើពួកគេគ្មានលទ្ធភាពនោះទេ។ ក្រុមអ្នកតវ៉ាភាគច្រើនជាប្រជាពលរដ្ឋវៀតណាម ខ្មែរ ថៃ និងលាយប្រជាពលរដ្ឋចិនតិចតួច ដែលមានកម្រិតជីវភាពទាប ហើយពួកគេ មិនចង់ចាកចេញពីតំបន់នេះឡើយ។ ក្រុមអ្នកតវ៉ាចាត់ទុកសកម្មភាពនេះជាការរើសអើងជាតិសាសន៍មកកាន់ពួកគេ ហើយពួកគេមិនអាចទទួលយកបានឡើយ។ រហូតមកទល់នឹងពេលនេះបាតុកម្មនៅតែបន្តកើតឡើង ខណៈដំណោះស្រាយដ៏ល្អប្រសើរមួយនៅមិនទាន់បានរកឃើញនៅឡើយទេ៕
អត្ថបទ៖ ភក្តី


