អ្នកវិទ្យាសាស្ដ្រអាចផលិត “សាច់សិប្បនិម្មិត” បានយ៉ាងជោគជ័យ នៅឯស្ថានីយ៍អវកាសអន្ដរជាតិ
ក្រុមហ៊ុនអ៊ីស្រាអែល Aleph Farms រួមជាមួយមន្ទីរពិសោធន៍ 3D ឯកជនរបស់រុស្ស៊ី Bioprinting Solutions បានបញ្ចប់ការពិសោធន៍ “សាច់សិប្បនិម្មិត” ប្រកបដោយជោគជ័យនៅស្ថានីយ៍អវកាសអន្ដរជាតិ។ មន្ទីរពិសោធន៍រុស្ស៊ីក៏គ្រោងនឹងបន្តគម្រោងនេះនៅពេលអនាគត ដោយអ្នកវិទ្យាសាស្ត្រមានបំណងបោះពុម្ពជាលិកាត្រី និងទន្សាយ នៅក្នុងការធ្វើតេស្ដលើកក្រោយ។ ហើយការពិសោធន៍នេះដែរគឺមានគោលដៅ ២ សំខាន់ៗ ដោយទី១ គឺធ្វើឱ្យផលិតកម្មស្បៀងអាហារនៅលើផែនដីកាន់តែមិនរំខានដល់បរិស្ថាន និង ទី២ ផ្តល់ស្បៀងអាហារដល់អ្នកដែលមកកាន់ទីអវកាសផ្ទាល់។

ចំណែកក្រុមហ៊ុនអ៊ីស្រាអ៊ែល Aleph Farms ក៏ធ្លាប់បានប្រកាសពីការធ្វើពិសោធន៍ជោគជ័យលើកដំបូងរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៨ ផងដែរ។ ប៉ុន្តែកាលនោះពួកគេធ្វើតេស្ដនៅលើផែនដី មិនមែនលើអវកាសនោះទេ ហើយថ្លៃសាច់គោសិប្បនិម្មិតមួយដុំ មានតម្លៃ ៥០ដុល្លារ ខណៈរសជាតិនៅមិនទាន់ល្អនៅឡើយ។ ការពិតទៅវិទ្យាសាស្ត្រក្នុងការកែច្នៃសាច់សិប្បនិម្មិតនេះ ធ្លាប់ត្រូវបានធ្វើឡើងដំបូងដោយអ្នកវិទ្យាសាស្ដ្រហូឡង់លោក Mark Post ដែលកាលនោះគាត់ធ្វើសាច់សម្រាប់ប៊ឺហ្គឺរបានដោយជោគជ័យ។
ប៉ុន្តែដោយសារការកែច្នៃសាច់សិប្បនិម្មិតគឺមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះហើយទើបរហូតមកដល់ពេលនេះ នៅមិនទាន់មានការចែកចាយសាច់លក់លើទីផ្សារនៅឡើយ។ ចំពោះឈ្មោះរបស់វាត្រូវដាក់យ៉ាងណាក៏នៅតែមានការជជែកវែកញែកនៅឡើយ ប៉ុន្តែវានឹងអាចមានមុខនៅតាមភោជនីយដ្ឋានថ្លៃៗនៅឆ្នាំនេះ ហើយសម្រាប់ការធ្វើឱ្យសាច់អាចមានតម្លៃសមរម្យ គឺប្រហែលជាត្រូវរង់ចាំពី ៥ ទៅ ២០ឆ្នាំ ខាងមុខទៀត៕


អត្ថបទ៖ លីដា