កូនប្រុសតិរិច្ឆាន ស្រវឹងស្រាសុំលុយម្តាយ តែម្តាយគ្មានឲ្យ ស្រាប់តែចាប់អូសក្រវាត់ម្ដាយជរាឲ្យធ្លាក់ពីលើគ្រែគួរឲ្យអាសូរ
ខេត្តកណ្តាល៖ បុសម្នាក់បានផឹកស្រាស្រវឹងរហូតអស់លុយពីខ្លួន មកសុំលុយម្ដាយ តែម្ដាយគ្មានលុយអោយ ក៏ជេរប្រមាថ និងយកកូនកាំបិតមកគំរាម រួចទៅចាប់អូសក្រវាត់ម្ដាយ ធ្លាក់ពីលើគ្រែ។ អំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល។
ជនសង្ស័យជាកូនឈ្មោះ អុន អាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ចំណែកជនរងគ្រោះជាម្តាយវ័យជរា ឈ្មោះ ដប ហ៊ិន អាយុ៨៧ឆ្នាំ ជនជាតិខ្មែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកន្លងមក ជនសង្ស័យជាកូន តែងតែផឹកស្រាស្រវឹងរករឿងជេរប្រមាថគំរាម និងវាយទៅលើម្តាយបង្កើតខ្លួនឯងច្រើនលើក ច្រើនសារមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ រួចជេរប្រមាថលើជនរងគ្រោះជាម្តាយ និងបានយកកាំបិតចុងស្រួចកាន់ក្នុងដៃគំរាមសុំលុយម្តាយចំនួន២ម៉ឺនរៀល តែម្តាយគ្មានលុយអោយ ភ្លាមនោះ ជនសង្ស័យក៏ស្ទុះមកប្រតាយប្រតប់រកលុយ និងហែកអាវម្តាយ រួចចាប់ម្តាយអូសក្រវាត់ធ្លាក់ពីលើគ្រែខ្ទាតចម្ងាយ៤ទៅ៥ម៉ែត្រ។
ភ្លាមនោះក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាង បានរាយការណ៍មកនគរបាលប៉ុស្តិ៍កណ្តោក ដើម្បីជួយអន្ដរាគមន៍ឃាត់ខ្លួន ចាត់ការតាមច្បាប់បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកណ្ដោកទទួលបានព័ត៌ពីប្រជាពលរដ្ឋជិតខាង ភ្លាមនោះ ក៏ចុះមកធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់៕




ប្រភព៖ អគ្គស្នងការនគរបាលជាតិ