ពុទ្ធោ! ផ្ទៃមេឃនៅជប៉ុនប្រែជាពណ៌ស្វាយ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងព្យុះកំណាចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៦០ឆ្នាំ
ព្យុះដ៏ធំប្រចាំសតវត្សឈ្មោះថា Hagibis កំពុងតែធ្វើដំណើរខិតជិតដល់ប្រទេសជប៉ុនហើយ! ប្រជាជនជប៉ុន ជាពិសេសនៅតំបន់ជុំវិញកោះ Honshu កំពុងត្រៀមខ្លួនទទួលរងការវាយប្រហារដោយព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៦០ឆ្នាំ។ Hagibis ដែលមានន័យថា “ល្បឿន” ក្នុងភាសាហ្វីលីពីន និងរំពឹងថាមកដល់ទឹកដីជប៉ុននៅថ្ងៃទី១២ ខែតុលានេះ។ អ្វីដែលអ្នកត្រូវដឹងខ្លះៗអំពីព្យុះគឺ៖
– វាស្ថិតក្នុងប្រភេទទី៥ ក្នុងមាត្រដ្ឋាន Saffir–Simpson (កម្រិតខ្ពស់បំផុត)
– មានទំហំអង្គត់ផ្ចិត ១,៤០០គីឡូម៉ែត្រ
– ខ្យល់មានល្បឿនលើសពី ២៤០គីឡូម៉ែត្រ/ម៉ោង
កាសែត The Guardian បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវបានផ្តល់យោបល់ដោយទីភ្នាក់ងារវាស់ស្ទង់ទឹកភ្លៀងជប៉ុន ដើម្បីត្រៀមសម្រាប់រលកខ្ពស់ និងព្យុះ។ ព្យុះនេះអាចនាំមកនូវកម្រិតទឹកភ្លៀង និងកម្រិតខ្យល់ខ្លាំង។ កាលពីខែមុនប្រទេសជប៉ុនក៏ទើបតែបានរងការវាយប្រហារដោយព្យុះទីហ្វុង Faxai ដែលបានសម្លាប់មនុស្ស ៣នាក់ និងធ្វើឱ្យមនុស្ស ៩៣០,០០០នាក់ គ្មានថាមពលប្រើប្រាស់។ នៅពេលដែលប្រជាជននៅតំបន់កណ្តាលកំពុងជម្លៀសខ្លួនចេញពីព្យុះទីហ្វុង គេឃើញថាមេឃនៅទីនោះក៏បានប្រែជាពណ៌ស្វាយចាស់ ដែលរូបថតមួយចំនួនក៏កំពុងត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមផងដែរ៕







អត្ថបទ៖ លីដា