គ្រូបង្រៀននៅចិនម្នាក់ត្រូវចាប់ខ្លួន ដោយសារបង្ខំឱ្យសិស្សហូបសំរាមដែលពួកគេមិនបានយកទៅចាក់ចោល
ចិន៖ គ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុង ខេត្តហឺណាន ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្ខំឱ្យសិស្សឱ្យហូបសំរាម។ ការដាក់ទណ្ឌកម្មលើសិស្សនេះត្រូវបានចេញបញ្ជាដោយគ្រូដែលមានឈ្មោះថា Jiang ក្នុងអំឡុងពេលគាត់ចូលត្រួតពិនិត្យអន្តេវាសិកដ្ឋាននិស្សិត (កន្លែងសិស្សស្នាក់នៅ) នៅថ្ងៃទី០៧ ខែកញ្ញា ហើយគាត់បានរកឃើញថា មានបន្ទប់របស់សិស្សប្រុសមួយក្រុមមិនបានយកសំរាមទៅចាក់ចោលនោះទេ។

ខណៈពេលដែលគ្មាននរណាម្នាក់ទទួលខុសត្រូវរឿងសំរាមនោះ លោក Jiang បានដាក់ទោសពួកគេឱ្យហូបសំរាមទាងនោះឱ្យអស់។ បន្ទាប់មកលោកគ្រូម្នាក់នោះក៏ដើរចេញពីបន្ទប់របស់ពួកគេ ហើយកូនសិស្សទាំងនោះក៏ហូបសំរាមទាំងនោះពិតមែន ដោយសារពួកគេភ័យខ្លាច។ ព្រឹកថ្ងៃបន្ទាប់ទើបពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារក្មេងប្រុសទាំងនោះចុកពោះ និងរាក។
គ្រូពេទ្យបានរកឃើញមានក្រដាសខ្ចប់ ប្លាស្ទិច និងសំបកផ្លែឈើនៅក្នុងលាមករបស់ពួកគេ។ បន្ទាប់មកឪពុកម្តាយក្រុមក្មេងប្រុសបានរាយការណ៍ពីឧប្បត្តិហេតុនេះទៅការិយាល័យអប់រំក្នុងតំបន់នៃស្រុក Fugou ។ យ៉ាងណាមិញពេលនេះគ្រូ Jiang ត្រូវបានគេចាប់ខ្លួន និងត្រូវគេបណ្ដេញពីការងារ ទោះបីជាគ្នាគាត់ម្នាក់បាននិយាយថា គាត់មិនបានប្រាកដប្រជានឹងពាក្យទាំងនោះក៏ដោយ៕



អត្ថបទ៖ លីដា