អាមេរិកដាក់ពន្ធបន្ថែមលើទំនិញមួយចំនួនរបស់សហភាពអឺរ៉ុប
សហរដ្ឋអាមេរិកបានដាក់ពន្ធបន្ថែម លើផលិតផលមួយចំនួនពីសហភាពអឺរ៉ុប។ ទីក្រុងវ៉ាស៊ីនតោនកំពុងអនុវត្តកាតព្វកិច្ចថ្មីចំពោះផលិតផលចំនួន ១៦០មុខ ដែលមានតម្លៃ ៧.៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ វិធានការណ៍នេះរួមមានការកើនឡើង ២៥% លើផលិតផលកសិកម្ម និង ១០% លើយន្តហោះ។ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបមានទំនាស់គ្នាជាយូរមកហើយ ជុំវិញការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ។ ឥឡូវនេះការប្រឈមមុខដាក់គ្នាអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស ដោយសហភាពអឺរ៉ុបរំពឹងថា នឹងឆ្លើយតបជាមួយនឹងពន្ធស្រដៀងគ្នា។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃចន្ទបានសម្រេចថា ការឧបត្ថម្ភធនទាំងសងខាងគឺខុសច្បាប់។ ស្ថាប័ននេះក៏បានផ្តល់ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចាត់វិធានការប្រឆាំងនឹងសហគមន៍អ៊ឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការតបតវិញ ប៉ុន្តែកំពុងរង់ចាំការយល់ព្រមពី WTO ។ ចំណែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានមកសហភាពអឺរ៉ុបវិញដែរ ប្រសិនបើពួកគេដាក់ពន្ធសងសឹកលើអាមេរិក។ លោក ត្រាំ ក៏កំពុងពិចារណាលើការយកពន្ធខ្ពស់លើរថយន្តពីប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ លីដា