ផ្សារទំនើបថៃរាប់សិបទីតាំង សន្យាថានឹងឈប់ប្រើថង់ប្លាស្ទិច ដែលនឹងសម្រេចឱ្យបានត្រឹមឆ្នាំ២០២០
ផ្សារទំនើប និងហាងទំនិញចំនួន ៤៣កន្លែង ទូទាំងប្រទេសបានយល់ព្រមបញ្ឈប់ការចរាចរថង់ប្លាស្ទិច ដែលចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ នេះតទៅ។ មន្រ្តីធនធានធម្មជាតិកំពូលបានប្រាប់ Coconuts Bangkok នៅថ្ងៃនេះថា ដើម្បីគាំទ្រផែនការនេះ ពួកគេបានដាក់ការហាមឃាត់ប្លាស្ទិចប្រភេទ single-use ដូចជា៖ ថង់, កែវជ័រ, បំពង់បឺត និងប្រអប់ខ្ចប់ផ្សេៗ ដែលនឹងមានការរួមដៃពីអ្នកលក់រាយកំពូលៗនៅក្នុងប្រទេស។ ហាងដែលចូលរួមក្នុងការឈប់ប្រើថង់ប្លាស្ទិចរួមមាន៖ 7-Eleven, Central, HomePro, Big C និងជាច្រើនផ្សេងទៀត។

ការចូលរួមយ៉ាងសកម្មពីហាងធំៗបែបនេះ នឹងធ្វើឱ្យគោលដៅរបស់ពួកគេឆាប់ទទួលបានជោគជ័យ។ ម៉្យាងទៀតបន្ទាប់ពីហាងទំនិញ និងផ្សារទំនើបធំៗបានបោះបង់ចោលការប្រើថង់ប្លាស្ទិច ក្រសួងធនធានធម្មជាតិនៅឆ្នាំក្រោយនឹងស្នើឱ្យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមមាន៖ ទីផ្សារស្រស់ ទីផ្សារសហគមន៍ និងតូបលក់រាយតូចៗ ឱ្យបញ្ឈប់ការចែកចាយថង់ប្លាស្ទិចផងដែរ។ ក្រសួងសង្ឃឹមថា នឹងដាក់ចេញនូវច្បាប់ដើម្បីហាមឃាត់រាល់ការប្រើប្រាស់ប្លាស្ទិចប្រភេទ single-use ឱ្យបានក្នុងរយៈពេលពីរឆ្នាំខាងមុខ៕


អត្ថបទ៖ លីដា