ការសិក្សាបង្ហាញថា ដំឡើងប្រាក់ខែឱ្យបុគ្គលិក កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ១៥%
ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិក (American Medical Association) បង្ហាញថា ប្រាក់ចំណូលខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ខណៈពេលដែលការកាត់បន្ថយប្រាក់ឈ្នួលបង្កើនហានិភ័យ ១៧% ។ វាជាការរកឃើញដោយក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Brigham និង មន្ទីរពេទ្យស្ត្រីនិងសាលាវេជ្ជសាស្ត្រហាវ៉ាដ ដែលបានតាមដានអ្នកចូលរួមចំនួន ៩,០០០នាក់ ដែលមានអាយុចន្លោះពី ៤៥ ទៅ ៦៤ឆ្នាំ សម្រាប់រយៈពេល ១៧ឆ្នាំ។

ក្រុមស្រាវជ្រាវបានរកឃើញថា អ្នកដែលមានប្រាក់ខែកើនឡើង ៥០% ក្នុងរយៈពេល ៦ឆ្នាំ មានអត្រាថយចុះហានិភ័យនៃជំងឺបេះដូង ១៥% ខណៈអ្នកដែលប្រាក់ខែធ្លាក់ចុះ ៥០% មានហានិភ័យនៃជំងឺបេះដូងកើនឡើង ១៧% ។ សមាជិកក្រុមសិក្សាឈានមុខ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យហាវ៉ាដលោក Stephen Wang បាននិយាយថា៖ “នេះគឺដោយសារតែការដំឡើងប្រាក់ឈ្នួល ធ្វើឱ្យមនុស្សមិនងាយនឹងវិវត្តទៅជាជំងឺខ្សោយបេះដូង”។
ដោយសារតែប្រាក់ឈ្នួលទាបមនុស្សអាចនឹងមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីទៅហាត់ប្រាណ អាចនឹងមានអារម្មណ៍ធុញថប់ ឬអាចជ្រើសរើសញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹម ដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លោក Stephen Wang ពន្យល់ថា ប្រាក់ឈ្នួលទាបអាចនាំឱ្យមានការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ ហើយថា “អ្នកដែលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុទំនងជាញ៉ាំអាហារមានកាឡូរីខ្ពស់ និងថោក”។ លោកបន្ថែមថា អាល់កុល និងថ្នាំជក់ក៏មានទំនាក់ទំនងគ្នាផងដែរ ហើយការកើនឡើងស្ត្រេស និងជំងឺបាក់ទឹកចិត្តក៏អាចបង្កជាគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃឈាមបេះដូងដែរ។
ទន្ទឹមនឹងនេះដែរក្រុមនិយាយថា ការសិក្សានេះបានអនុញ្ញាតឱ្យវេជ្ជបណ្ឌិតយកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខភាពហិរញ្ញវត្ថុរបស់អ្នកជំងឺ ក្នុងការធ្វើតេស្តបេះដូង។ ទោះជាយ៉ាងណាក៏ដោយដែនកំណត់មួយនៃការសិក្សានេះគឺថា អ្នកចូលរួមដែលមានបញ្ហាសុខភាព សុទ្ធតែជាអ្នកទទួលរងនូវការកាត់ប្រាក់ខែ។ លោក Stephen Wang មានប្រសាសន៍ថា គាត់ចង់ឱ្យវេជ្ជបណ្ឌិត និងសាធារណជនដឹងថា ស្ថានភាពហិរញ្ញវត្ថុមិនល្អបង្កើនហានិភ័យនៃជំងឺបេះដូង៕


អត្ថបទ៖ លីដា