អ្នកម្នាងមួយអង្គត្រូវបានព្រះមហាក្សត្រថៃសម្រេចដកចេញពីសែរាជវង្ស បញ្ឈប់តំណែងក្នុងយោធា និងត្រូវប្រគល់គ្រឿងឥស្សរិយយសមកវិញទាំងអស់
ថៃ៖ ព្រះរាជក្រឹត្យមួយដែលត្រូវបានចេញកាលពីថ្ងៃច័ន្ទ បានបញ្ឈប់តំណែងអ្នកម្នាង Sineenat Wongvajirapakdi ចេញពីជួររាជវង្សានុវង្ស និងយោធា ដោយសារតែនាងមិនមានភាពស្មោះត្រង់។ បទបញ្ជាបញ្ឈប់តំណែងនេះត្រូវបានចុះផ្សាយនៅក្នុងគេហទំព័រ gazette របស់រដ្ឋាភិបាល ដែលបានចោទប្រកាន់អ្នកម្នាង Sineenat ថា បានព្យាយាមរារាំងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana ពីការគ្រងតំណែង និងរំលោភឋានៈជារាជវង្សានុវង្ស។ ត្រឹមរយៈពេលតែ ៣ខែ ប៉ុណ្ណោះដែល Sineenat Wongvajirapakdi ត្រូវបានតែងតាំងជាអ្នកម្នាង (Royal Noble Consort) ប៉ុន្តែពេលនេះត្រូវដកហូតទៅវិញ។

យោងតាមសេចក្តីប្រកាសនោះបានសរសេរថា អ្នកម្នាង Sineenat Wongvajirapakdi បាន “សម្ដែងការប្រឆាំង និងដាក់សម្ពាធតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន” ទាក់ទងនឹងការឡើងគ្រងតំណែងរបស់ព្រះនាង Suthida ជាព្រះមហាក្សត្រិយានីនៃប្រទេសថៃ។ សេចក្តីថ្លែងការណ៍បាននិយាយថា បន្ទាប់ពីការមិនគោរព និងការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរាជវង្ស ព្រះករុណាព្រះមហាក្សត្រ Maha Vajiralongkorn បានផ្តល់ឋានៈទៅនាងជាអ្នកម្នាង ក្នុងខែកក្កដា ដោយក្តីសង្ឃឹមថា Sineenat នឹងបន្ថយការដាក់សម្ពាធរបស់នាង ហើយផ្លាស់ប្តូរចរិតរបស់នាង។
ប៉ុន្តែផ្ទុយទៅវិញ Sineenat បានបន្តបង្ហាញមហិច្ឆតា និងហួសពីសិទ្ធិអំណាចរបស់នាង ដោយការចូលរួមក្នុងសកម្មភាពរបស់តុលាការជាច្រើន ដោយគ្មានការយល់ព្រមពីព្រះមហាក្សត្រ ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន។ ផ្នែកមួយនៃបទបញ្ជានេះបានចែងថា “សកម្មភាពរបស់នាងត្រូវបានគេចាត់ទុកថា មិនស្មោះត្រង់គ្មានគុណធម៌ និងអធ្យាស្រ័យចំពោះព្រះគុណរបស់ព្រះករុណា” បណ្តាលឱ្យមានការបែងចែកក្នុងចំណោមមន្ត្រីរាជវាំង និងការយល់ច្រឡំក្នុងចំណោមសាធារណជន។ នេះគឺជាសកម្មភាពនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងប្រទេស និងស្ថាប័ន (រាជាធិបតេយ្យ) ។ ក្រោយមកអ្នកម្នាងត្រូវបានគេបញ្ឈប់តំណែងជារាជវង្សានុវង្ស និងឋានៈក្នុងជួរយោធា។ គួររំលឹកដែរថា Sineenat ពីមុនមានឋានៈជាឧត្តមសេនីយ៍ទោ៕




អត្ថបទ៖ លីដា