អង់គ្លេសរកឃើញសាកសពមនុស្សចំនួន ៣៩នាក់ នៅក្នុងកុងតឺន័រដឹកទំនិញមួយចេញពីប៊ែលហ្សិក
អង់គ្លេស៖ សាកសពមនុស្ស ៣៩នាក់ ត្រូវបានគេរកឃើញនៅក្នុងកុងតឺន័រដឹកទំនិញមួយ នៅជិតទីក្រុងឡុងដ៍កាលពីថ្ងៃពុធ។ ប៉ូលីសនិយាយថា ឡានដឹកទំនិញនោះគឺមកពីប្រទេសបែលហ្ស៊ិក ប៉ុន្តែយ៉ាងណាក៏ដោយគេមិនដឹងថាអ្នកចំណាកស្រុកទាំងនោះមកពីខាងណាឱ្យប្រាកដនោះទេ។ ចំណែកអ្នកបើកបរឡាននោះមានឈ្មោះថា Mo Robinson អាយុ ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង ក៏ត្រូវបានប៉ូលីសក្របួចចាប់បានរួចហើយ ក្រោមជាប់ការសង្ស័យីបទឃាតកម្ម។ ពួកគេកំពុងសាកសួរបុរសនោះអំពីព័ត៌មានលម្អិត រួមទាំងប្រភពដែលជនរងគ្រោះមកពីណាផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថា ជនចំណាកស្រុកទាំងនោះអាចត្រូវបានកករហូតដល់ស្លាប់ ព្រោះឡានដឹកទំនិញត្រូវបានបំពាក់ដោយប្រព័ន្ធបង្កក ហើយបើតាម DailyMail បាននិយាយថា ពួកគេកកស្លាប់ក្រោមភាពត្រជាក់ -២៥អង្សាសេ ។ ម៉្យាងទៀតវាមិនមែនជាលើកទីមួយនោះទេ ដោយមានករណីជាច្រើនដែលជនអន្ដោប្រវេសន៍ព្យាយាមចូលប្រទេសអឺរ៉ុបដោយខុសច្បាប់ ហើយត្រូវបានគេរកឃើញថាស្លាប់នៅក្នុងរថយន្តដឹកទំនិញ ឧ៖ ដូចជាកាលពីឆ្នាំ២០១៥ សាកសពមនុស្សជាង ៧០នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ដដឹកទំនិញ ដែលគេបោះបង់ចោលមួយនៅប្រទេសអូទ្រីស។ ចំពោះរឿងក្ដីនេះវិញនាយករដ្ឋមន្ដ្រី Boris Johnson លោកមានការសោកស្ដាយយ៉ាងខ្លាំង និងបញ្ជាឱ្យមានការស៊ើបអង្កេតឱ្យខានតែបាន ដើម្បីកំណត់រកមូលហេតុពិតរបស់វា៕




អត្ថបទ៖ លីដា