ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសជប៉ុន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងកើត និងភាគឦសានប្រទេសជប៉ុន ដែលតំបន់ទាំងនេះក៏មិនទាន់បានធូរស្រាលពីផលប៉ះពាល់របស់ព្យុះ Hagibis កាលពីលើកមុនផងនោះ។ ក្នុងផងដែរមនុស្ស ៨នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងខេត្តឈីបា ភាគខាងកើតទីក្រុងតូក្យូ។ មន្ត្រីបាននិយាយថា ទន្លេជាច្រើនដែលហូរកាត់ទីក្រុងមានការបាក់ច្រាំង ដូច្នេះហើយក្រុមមន្ត្រីកំពុងអំពាវនាវឱ្យពលរដ្ឋផ្លាស់ប្តូរទៅកាន់ទីកន្លែងខ្ពស់ៗ និងបង្កើនការប្រុងប្រយ័ត្ន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា ទីក្រុងអ៊ីជីហារ៉ា នៅក្នុងខេត្តឈីបា មានភ្លៀងធ្លាក់ច្រើនជាង ២៨០ មីលីម៉ែត្រ ក្នុងរយៈពេល ១២ម៉ោងកាលពីថ្ងៃសុក្រ ដោយគិតត្រឹមរយៈពេលតែកន្លះថ្ងៃប៉ុណ្ណោះ ចំនួនទឹកភ្លៀងកើនលើសចំនួនសរុបប្រចាំខែជាមធ្យមសម្រាប់ខែតុលាទៅទៀត។ ជើងហោះហើរខ្លះទៅអាកាសយានដ្ឋានណារីតាត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ដោយសារភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរដែលប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិធំបំផុតមួយរបស់ប្រទេសនេះ៕


អត្ថបទ៖ លីដា