ក្រុមហ៊ុនផ្គត់ផ្គង់ទឹកវៀតណាមសុំទោសប្រជាជនខ្លួន ដោយការដាក់ឱ្យប្រើប្រាស់ទឹក FREE ពេញមួយខែ បន្ទាប់ពីមានវិបត្តិទឹកកខ្វក់ជាងកន្លះខែកន្លងទៅ
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ក្រុមហ៊ុន Vinaconex (Song Da Water Investment JSC) ដែលជាអ្នកផ្គត់ផ្គង់ទឹកស្អាតសម្រាប់សង្កាត់ជាច្រើននៅភាគខាងលិចទីក្រុងហាណូយ បានសុំទោសជាសាធារណៈដល់អ្នកប្រើប្រាស់របស់ខ្លួន បន្ទាបពីរយៈពេល ១៧ថ្ងៃ ដែលក្រុមហ៊ុនមានបញ្ហាជាមួយទឹកដែលចែកចាយទៅឱ្យប្រជាជន។ គួររំលឹកដែរថា ប្រជាជននៅតំបន់រងផលប៉ះពាល់មានបញ្ហាជាមួយនឹងទឹករយៈពេលជាងកន្លះខែមកហើយ ដោយសារមានការហូរសំណល់ប្រេងចូលទៅក្នុងទន្លេរដា (Song Da) ។ ទឹកក៏ត្រូវបានគេរាយការណ៍ថា មានសារធាតុពុល styrene និងពពួកបង្កមហារីក carcinogenic ផងដែរ ដែលបណ្ដាលឱ្យមានការរិះគន់ជាច្រើនពីប្រជាជន។

ដើមឡើយក្រុមហ៊ុនមិនមានការទទួលស្គាល់កំហុសនោះទេ ដោយនិយាយថាវាមិនមែនជាកំហុសដែលពួកគេបង្កើតឡើងនោះទេ! ហើយថាពួកគេទៅវិញទេដែលជាអ្នករងគ្រោះធំបំផុត និងត្រូវចាំឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការសន្និដ្ឋានសិន។ ដូច្នេះហើយដើម្បីសុំទោសជាមួយនឹងវិបត្តិទឹកកន្លងទៅ ពួកគេសម្រេចឱ្យអ្នករងប៉ះពាល់ទាំងនោះទទួលបានទឹកទៅប្រើប្រាស់ ១ខែពេញ ដោយមិនគិតថ្លៃ។ យ៉ាងណាមិញរហូតមកដល់ពេលនេះទោះបីត្រូវបានគេជូនដំណឹងថា “ទឹកទន្លេដាមានសុវត្ថិភាព” ក៏ដោយក៏គ្រួសារជាច្រើននៅហាណូយនៅតែមិនទុកចិត្ត និងបន្តទិញទឹកដបដើម្បីផឹក ឬប្រើប្រាស់នោះទេ៕




អត្ថបទ៖ លីដា