ស្ថាបនិក Amazon លោក Jeff Bezos លែងជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លែងជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកទៀតហើយ ប៉ុន្តែសូមកុំសោកស្តាយចំពោះមហាសេដ្ឋីរូបនេះអី ព្រោះយ៉ាងណាក៏គាត់នៅតែមានទ្រព្យតម្លៃ ១០៣.៩ ពាន់លានដុល្លារ។ របាយការណ៍ថ្មីមួយពី Forbes បាននិយាយថា ការធ្លាក់ចុះ ៧% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្វើឱ្យគាត់ធ្លាក់មកលំដាប់ទី២ បន្ទាប់ពីសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលគាត់មានទ្រព្យតម្លៃ ១០៥.៧ ពាន់លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ នៅពេលដែលគាត់ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦០ ពាន់លានដុល្លារ ដែលជាចំនួនដ៏មហាសាល។ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់គាត់មិនត្រឹមតែលើភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ប៉ុណ្ណោះទេ គាត់ក៏បានផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន Amazon មួយភាគបួនទៅឱ្យអតីតភរិយារបស់គាត់ MacKenzie Bezos ដែលជាផ្នែកមួយនៃការដោះស្រាយក្នុងការលែងលះគ្នា។
ចំណែកអតីតប្រពន្ធគាត់ក្រោយទទួលបានទ្រព្យ គាត់បានក្លាយជាបុគ្គលមានបំផុតក្នុងលំដាប់កំពូលទាំង២០ ហើយគាត់ក៏បានសន្យាថា ពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់គាត់នឹងឱ្យទៅខាងសប្បុរសធម៌ដែរ ដែលនេះជាទម្លាប់របស់ពួកសេដ្ឋី ជាក់ស្ដែងដូចជា លោក Bill និងលោកស្រី Melinda Gates និងលោក Warren Buffett ជាដើម៕


អត្ថបទ៖ លីដា