លោក ដូណាល់ ត្រាំ ប្រកាសថា មេដឹកនាំក្រុមសកម្មប្រយុទ្ធ ISIS បានស្លាប់ហើយ ក្រោមប្រតិបត្តិការយោធាអាមេរិកនៅស៊ីរី
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឈ្មោះ Abu Bakr al-Baghdadi បានទទួលមរណភាពក្រោមប្រតិបត្តិការយោធាអាមេរិកនៅស៊ីរី។ លោក ត្រាំ បានផ្តល់ព័ត៌មានលម្អិតនៃបេសកកម្មនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃអាទិត្យ។ លោកប្រធានាធិបតីបាននិយាយថា កម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ដោយតម្រង់ទៅលើមេដឹកនាំនៅភាគពាយព្យនៃខេត្ត Idlib កាលពីថ្ងៃសៅរ៍។

លោកបាននិយាយថា Baghdadi បានភៀសខ្លួនចូលក្នុងរូងក្រោមដីនៅពេលដែលទាហានអាមេរិកបានបិទច្រក ហើយសម្លាប់ខ្លួនដោយបំផ្ទុះអាវកាក់គ្រាប់បែកដែលគាត់ពាក់។ លោក ត្រាំ បាននិយាយថា ការចាប់ ឬសម្លាប់ Baghdadi គឺជា “អាទិភាពសន្តិសុខជាតិកំពូល” នៃរដ្ឋបាលរបស់លោក។ លោកបានមានប្រសាសន៍ថា ពិភពលោកឥឡូវនេះជាកន្លែងដែលមានសុវត្ថិភាពជាងមុន។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៧ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយឆ្មក់តាមអាកាសរបស់ពួកគេបានសម្លាប់ Baghdadi ប៉ុន្តែខ្សែអាត់ការថតសំឡេងមួយបានបែកធ្លាយលើអ៊ីនធឺណេត ដែលក្នុងនោះក៏មានសំឡេងរបស់ Baghdadi ផងដែរ។ នៅក្នុងខែមេសាឆ្នាំនេះក្រុមសកម្មប្រយុទ្ធបានបង្ហោះវីដេអូដែលគេអះអាងថា មានឈ្មោះ Baghdadi តាមអ៊ិនធឺណេត ដែលអំពាវនាវឱ្យបន្តការវាយប្រហារ។ សហរដ្ឋអាមេរិកបាន និងកំពុងធ្វើប្រតិបត្តិការបោសសម្អាតក្រុមរដ្ឋអ៊ីស្លាម ដែលបានប្រកាសបង្កើតតំបន់ caliphate នៅក្នុងតំបន់ដែលកំពុងប៉ះទង្គិចជាមួយនឹងប្រទេសស៊ីរី និងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤៕






អត្ថបទ៖ លីដា