មុនពេលបាត់ខ្លួននៅកោះរ៉ុង នារីជនជាតិបរទេសបានទូរស័ព្ទទៅកាន់ប្អូនស្រីនៅឯអង់គ្លេសថា…
រហូតមកទល់ពេលនេះក្រុមមន្ដ្រីនៅមិនទាន់ទទួលបានដំណឹងពីកញ្ញា Amelia Bambridge វ័យ ២១ឆ្នាំ មកពី Sussex ក្រុង Worthing ប្រទេសអង់គ្លេសនៅឡើយទេ។ ហើយខណៈពេលនេះដែរ មន្ដ្រីប៉ូលីស និងអ្នកស្ម័គ្រចិត្តនៅកម្ពុជា ក៏កំពុងស្វែងរកអ្នកអតីតនិស្សិតមហាវិទ្យាល័យ BHASVIC ម្នាក់នេះយ៉ាងយកចិត្តទុកដាក់ មិនថាពីលើអាកាស និងក្នុងទឹកនោះទេ។ គួររំលឹកដែរថា នាង Amelia ត្រូវបានគេប្រទះឃើញចុងក្រោយជាមួយក្រុមធ្វើដំណើរនៅកោះរ៉ុងកាលពីថ្ងៃពុធ។ ប៉ុន្តែនាងបានបាត់ខ្លួននៅពេលដែលត្រូវគ្រោង check out ចេញពីសណ្ឋាគារយុវជន Nest Beach Club ដែលនាងបានស្នាក់នៅ ដើម្បីទៅជួបជុំជាមួយមិត្តរបស់នាងម្នាក់ទៀត ដែលពួកគេបាននិយាយថានឹងត្រូវជួបគ្នានៅសៀមរាប។

យ៉ាងណាមិញបើតាមសម្ដីរបស់ Georgie Bambridge អាយុ ១៩ឆ្នាំ ដែលត្រូវជាប្អូនស្រីរបស់នាងបាននិយាយថា ពួកគេបាននិយាយគ្នាតាមទូរស័ព្ទមុនពេលដែល Amelia ទៅចូលរួមពិធីជប់លៀង។ Georgie បានឱ្យដឹងថា “នាង [Amelia] បានប្រាប់ខ្ញុំអំពីដំណើរកម្សាន្ត ហើយនាងមានអារម្មណ៍ជឿជាក់ និងសប្បាយរីករាយយ៉ាងខ្លាំង” “នាងរំភើបដែលបានចូលរួមពិធីជប់លៀងនេះ”។ ឥឡូវនេះនាងបានបាត់ខ្លួនហើយ ចំណែកសមត្ថកិច្ចក៏បន្តស្វែងរកនាងផងដែរ។ Georgie Bambridge ក៏បានបន្ថែមដែរថា បងស្រីរបស់នាងមានបំណងចង់បន្ដទៅធ្វើជាគ្រូបង្រៀនភាសានៅប្រទេសវៀតណាម បន្ទាប់ពីដំណើរកម្សាន្ដនៅកម្ពុជារួច ហើយទីនោះក៏ជាកន្លែងដែលឪពុករបស់គេនៅធ្វើការផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ theguardian