ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋអូស្រ្តាលីខាងលិចនឹងដាក់ច្បាប់ហាមឃាត់ មិនឱ្យមានការប្រើទូរស័ព្ទចល័តក្នុងបរិវេណសាលារដ្ឋនោះទេ

    BY autoadmin October 30, 2019
    រដ្ឋអូស្រ្តាលីខាងលិចនឹងដាក់ច្បាប់ហាមឃាត់ មិនឱ្យមានការប្រើទូរស័ព្ទចល័តក្នុងបរិវេណសាលារដ្ឋនោះទេ

    ការហាមឃាត់លើទូរស័ព្ទចល័តនឹងត្រូវបានដាក់បញ្ចូលទៅក្នុងសាលានៅរដ្ឋអូស្រ្តាលីខាងលិចទាំងអស់ មិនថានៅក្នុង និងក្រៅម៉ោងសិក្សា ពោលគឺឱ្យតែនៅក្នុងបរិវេណសាលា ដែលការហាមឃាត់នេះគឺមានគោលបំណងកាត់បន្ថយការធ្វើទុក្ខបុកម្នេញតាមអ៊ិនធឺណេត (bullying) និងលើកទឹកចិត្តឱ្យមានការសន្ទនាគ្នាទល់មុខគ្នារវាងសិស្សៗ។ ចាប់ពីឆ្នាំ២០២០ ការហាមឃាត់ទូទាំងរដ្ឋនឹងអនុវត្តចំពោះសាលារៀន និងវិទ្យាល័យរបស់រដ្ឋនេះទាំងអស់ ហើយនេះគឺជាការយកគំរូតាមសាលាឯកជនមួយចំនួននៅក្រុង Perth ដែលពួកគេបានចាប់ផ្ដើមហាមឃាត់ទូរស័ព្ទនៅក្នុងថ្នាក់រៀនរួចហើយ។

    វិធានការរបស់រដ្ឋអូស្រ្តាលីខាងលិច (Western Australia) ក៏ធ្វើតាមរដ្ឋ New South Wales និង Victoria ផងដែរ ដែលការហាមឃាត់ទូរស័ព្ទចល័តនៅក្នុងសាលារដ្ឋនឹងចូលជាធរមាននៅដើមឆ្នាំក្រោយដូចគ្នា។ ការហាមឃាត់របស់ WA គឺតឹងរឹងជាង New South Wales ដោយសារទីនោះវិទ្យាល័យសាធារណៈនឹងមានជម្រើសក្នុងការជ្រើសរើស នៅពេលការហាមឃាត់ត្រូវបានណែនាំ ឬសម្រេចថាតើកម្រិតណាដែលពួកគេនឹងអនុញ្ញាតឱ្យប្រើទូរស័ព្ទបាន។ ប៉ុន្តែនៅក្នុងរដ្ឋអូស្រ្តាលីខាងលិច ការហាមឃាត់នឹងអនុវត្តចាប់ពីពេលដែលសិស្សមកដល់សាលារៀនរហូតដល់ចុងបញ្ចប់នៃថ្នាក់សិក្សា ក៏ដូចជារាប់បញ្ចូលទាំងពេលសម្រាកផងដែរ។

    ច្បាប់នេះក៏រឹតត្បិតការប្រើប្រាស់នាឡិកាឆ្លាតវៃ កាសប៊្លូធូស ថេប្លេត និងកាសធម្មតាផងដែរ លើកលែងតែសិស្សស្ថិតនៅក្រោមការណែនាំរបស់គ្រូ។ សិស្សវិទ្យាល័យពីថ្នាក់ទី៧ ដល់ ១២ ត្រូវតែបិទទូរស័ព្ទរបស់ខ្លួនក្នុងអំឡុងពេលម៉ោងសិក្សា និងដាក់ឱ្យផុតពីដៃ ខណៈសិស្សថ្នាក់មត្តេយ្យ និងបឋមសិក្សានឹងមិនត្រូវបានអនុញ្ញាតឱ្យយកឧបករណ៍ណាមួយទៅសាលារៀនឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: