លោក Elon Musk បរិច្ចាគ ១លានដុល្លារទៅ TeamTrees ដើម្បីចូលរួមគោលដៅដាំដើមឈើឱ្យបាន ២០លានដើម
លោក Elon Musk បានសរសេរការគាំទ្ររបស់គាត់ចំពោះគម្រោងរបស់ YouTuber លោក Jimmy Donaldson ឬ Mr. Beast ដែលសន្យាថា នឹងផ្ដល់ថវិកាចំនួន ១លានដុល្លារ ស្មើនឹងការដាំដើមឈើ ១លានដើម ទៅឱ្យក្រុម TeamTrees ។ ខណៈពេលដែលវាមើលទៅដូចជាគាត់កំពុងនិយាយលេង (ព្រោះគាត់ពូកែខាង memes វិទ្យាសាស្ត្រ) គាត់ហាក់ដូចជាមានការច្បាស់លាស់ជាមួយនឹងគម្រោងនេះ និងគាំទ្រយ៉ាងពេញទំហឹង ហើយថែមទាំងបានដូរឈ្មោះគណនីផ្ទាល់ខ្លួននៅលើ Twitter ទៅជា Treelon ទៀតផង។

គួររំលឹកដែរថា កាលពីថ្ងៃទី២៥ ខែតុលា លោក Jimmy Donaldson បានសុំជំនួយពីមិត្ត YouTuber របស់គាត់ និងបានបង្កើតជាមូលនិធិ ដើម្បីសម្រេចគោលដៅដាំដើមឈើ ២០លានដើម ប៉ុន្តែដោយសារតែចំនួននេះវាច្រើនពេក ទើបគាត់និងក្រុមមិនអាចបំពេញបានគ្រប់គ្រាន់នោះទេ។ ដូច្នេះហើយគាត់ក៏បានធ្វើការរួមជាដៃគូជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ Arbor Day Foundation ដើម្បីឱ្យពួកគេជួយដាំដើមឈើនេះពីគ្រប់ទីកន្លែងក្នុងពីភពលោក ដោយប្រើប្រាស់លុយរបស់មូលនិធិ ពោលគឺ ១ដុល្លារ = ដើមឈើ ១ដើម។
រយៈពេល ៣ថ្ងៃនៃការចាប់ផ្ដើមនេះ Mr. Beast ដាំកូនឈើបានចំនួន ៦លានដើម ហើយគាត់ក៏ទទួលការរិះគន់ពីក្រុមដែលចាំតែទើសផងដែរ ប៉ុន្តែគាត់មិនបោះបង់គម្រោងនេះទេ។ ក្នុងនោះផងដែរជនល្បីឈ្មោះនៅលើ YouTube រួមមាន៖ Mark Rober, Rhett & Link, Marshmello, iJustine, Marques Brownlee, The Slow Mo Guys, Ninja, Simone Giertz, Jacksepticeye, Smarter Every Day និងជាច្រើនទៀតក៏កំពុងគាំទ្រគម្រោងនេះ ហើយការចូលរួមរបស់លោក Elon Musk គឺជាជំហានថ្មីមួយ ដើម្បីសម្រេចគម្រោងដើមឈើ ២០លានដើមនេះ៕






អត្ថបទ៖ លីដា