ចំនួនអ្នកស្លាប់ដោយសារបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ កើនឡើងដល់ជាង ២៥០នាក់
អ៊ីរ៉ាក់៖ ឧត្តមស្នងការសិទ្ធិមនុស្សអ៊ីរ៉ាក់និយាយថា ចំនួនអ្នកស្លាប់ដោយសារបាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើនឡើងដល់ជាង ២៥០នាក់ក្នុងខែនេះ។ ហើយកាលពីថ្ងៃពុធនេះមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលមួយក្នុងរដ្ឋធានីបាកដាដបន្ដការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ បាតុកម្មនេះវាបានចាប់ផ្តើមតាំងដើមខែ ដែលបណ្តាលមកពីការមិនសប្បាយចិត្តជាសាធារណៈចំពោះភាពអត់ការងារធ្វើ និងសេវាកម្មសាធារណៈមិនល្អ។ ហើយបាតុកម្មនេះផងដែរ បានទទួលសន្ទុះកាន់តែខ្លាំង និងរីករាលដាលពាសពេញប្រទេសចាប់តាំងពីសប្តាហ៍មុន។

ដំបូងឡើយបាតុកម្មភាគច្រើនធ្វើឡើងដោយអ្នកស្វែងរកការងារវ័យក្មេង ប៉ុន្តែឥឡូវនេះពួកគេបានទាក់ទាញអ្នកផ្សេងទៀត ដែលទាមទារកំណែទម្រង់នយោបាយ។ រួមគ្នាជាមួយមេដឹកនាំបព្វជិតដែលបានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី Adel Abdul-Mahdi លាលែងពីតំណែង នៅពេលដែលក្រុមបាតុករបានបង្ខំឱ្យនាយករដ្ឋមន្រ្តីទើបកាន់តំណែងបាន ១ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពលំបាកកាន់តែខ្លាំង។ ជាមួយគ្នានេះដែរក្រសួងការពារជាតិអ៊ីរ៉ាក់និយាយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់នៅតំបន់ជិតស្ថានទូតអាមេរិកនៅតំបន់បៃតងការពារដោយបាដាដកាលពីថ្ងៃពុធ ដោយបានសម្លាប់ទាហានសន្តិសុខអ៊ីរ៉ាក់ម្នាក់។ ហើយរហូតដល់ពេលនេះគេមិនទាន់ដឹងថា អ្នកណាជាអ្នកបាញ់រ៉ុក្កែតនោះទេ៕







អត្ថបទ៖ លីដា