ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការយូណេស្កូនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីសាងសង់ប្រាសាទស៊ូរីរបស់ជប៉ុនឡើងវិញឱ្យតែជប៉ុនស្នើសុំ

    BY autoadmin November 1, 2019
    អង្គការយូណេស្កូនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីសាងសង់ប្រាសាទស៊ូរីរបស់ជប៉ុនឡើងវិញឱ្យតែជប៉ុនស្នើសុំ

    អង្គការយូណេស្កូ (UNESCO) និយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការកសាងឡើងវិញនូវប្រាសាទស៊ូរី (Shuri / Shurijo Castle) ដែលជាសំណង់បុរាណអាយុកាលប្រហែល ៥០០ឆ្នាំ និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ទីតាំងនៅឯខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បន្ទាប់ពីវាត្រូវបានបំផ្លាញដោយអគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងបទសម្ភាសន៍ជាមួយ NHK នៅទីក្រុងប៉ារីសភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់យូណេស្កូ គឺអ្នកស្រី Mechtild Rossler បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញអគ្គិភ័យថ្មីមួយផ្សេងទៀតនៅតំបន់បេតិកភណ្ឌពិភពលោក។ គួររំលឹកដែរថា ព្រះវិហារ Notre Dame នៅឯប្រទេសបារាំង ដែលជាបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអគ្គិភ័យឆាបឆេះផងដែរ កាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ។

    អ្នកស្រី Rossler បាននិយាយថា ប្រាសាទស៊ូរី គឺជានិមិត្តរូបមួយសម្រាប់ប្រទេសជប៉ុន និងប្រជាជននៃអូគីណាវ៉ា ហើយអ្នកស្រីក៏បានសម្តែងការអាណិតអាសូរចំពោះការបាត់បង់នេះ។ អ្នកស្រីបាននិយាយថា គាត់ត្រៀមបញ្ជូនក្រុមអ្នកជំនាញប្រសិនបើរដ្ឋាភិបាលជប៉ុនដាក់ការស្នើសុំ។ អ្នកស្រីក៏បានលើកឡើងពីការកសាងឡើងវិញនូវមតចេតិយ (Kasubi Tombs) ទីតាំងនៅប្រទេសអ៊ូហ្គង់ដា ដែលសព្វថ្ងៃនៅកំពុងបន្តសាងសង់ឡើងវិញ បន្ទាប់ពីមានអគ្គិភ័យក្នុងឆ្នាំ២០១០ ដែលជាឧទាហរណ៍នៃការងារកំពុងត្រូវបានអនុវត្ត។ អ្នកស្រីនិយាយថា គាត់បានទាក់ទងអាជ្ញាធរជប៉ុនហើយរំពឹងថា មន្ត្រីយូណេស្កូនឹងជួបជាមួយពួកគេនៅសប្តាហ៍ក្រោយ។ យ៉ាងណាមិញមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា អគ្គិភ័យនេះនឹងមិនប៉ះពាល់ដល់ការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រាសាទនោះទេ ព្រោះប្រាសាទនេះគឺជាផ្នែកមួយនៃសមាសធាតុប្រវត្តិសាស្រ្តចំនួន ៩ នៅទីតាំងនោះ៕

    អត្ថបទ៖​ លីដា

    Share This Post: