ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានការផ្ទុះកំហឹងយ៉ាងខ្លាំងពីក្រុមអ្នកការពារសិទ្ធិសត្វ បន្ទាប់ពីសត្វជ្រូកជាច្រើនត្រូវបានគេយកទៅធ្វើតេស្ដល្បឿនរថយន្តយ៉ាងគួរឱ្យសង្វេគចិត្ត

    BY autoadmin November 1, 2019
    មានការផ្ទុះកំហឹងយ៉ាងខ្លាំងពីក្រុមអ្នកការពារសិទ្ធិសត្វ បន្ទាប់ពីសត្វជ្រូកជាច្រើនត្រូវបានគេយកទៅធ្វើតេស្ដល្បឿនរថយន្តយ៉ាងគួរឱ្យសង្វេគចិត្ត

    ថ្មីៗនេះមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីក្រុមការពារសិទ្ធិសត្វ (Animal rights) ដោយសារក្រុមហ៊ុនរថយន្តចិនមិនបញ្ចេញឈ្មោះមួយ បានប្រើប្រាស់សត្វជ្រូកយ៉ាងច្រើន ដើម្បីធ្វើតេស្តយ៉ាងព្រៃផ្សៃបំផុត។ យោងតាមសារព័ត៌មាន Daily Mail បាន​ឱ្យដឹងថា សត្វជ្រូកមិនទាន់គ្រប់អាយុចំនួន ១៥ក្បាល ត្រូវបានគេបង្អត់អាហាររយៈពេល ២៤ម៉ោង មុនពេលដែលពួកវាត្រូវបានគេយកមកធ្វើតេស្ដល្បឿនរថយន្ត ដែលក្នុងហេតុការណ៍នោះវាបានបណ្ដាលឱ្យសត្វជ្រូកចំនួន ៧ក្បាលស្លាប់ភ្លាមៗ។ សត្វជ្រូកទាំងនោះត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ឱ្យអង្គុយនៅកៅអីកុមារ ដោយសារក្រុមស្រាវជ្រាវចង់ពិសោធន៍លទ្ធភាពគ្រោះថ្នាក់ នៅពេលដែលរថយន្តបើកបរក្នុងល្បឿន ៤៨គីឡូម៉ែត្រ/ម៉ោង។

    មិនត្រឹមតែប៉ុណ្ណឹងទេ! សត្វជ្រូកទាំងនោះត្រូវស៊ូទ្រាំនឹងការហូរឈាម របួសរយះ និងការគ្រាំក្នុងផ្សេងៗទៀតដោយសារគ្មានការព្យាបាល ហើយទីបំផុតពួកវាក៏ត្រូវស្លាប់។ ម៉្យាងទៀតរបាយការណ៍ក៏និយាយដែរថា ការធ្វើតេស្ដបែបនេះមិនបានចម្រើនអ្វីនោះទេ ព្រោះវាមិនទាក់ទងគ្នានឹងមនុស្ស ហើយថាវាមិនបានចូលរួមចំណែកឱ្យយល់ពីគ្រោះថ្នាក់នោះទេ។ មូលហេតុគឺដោយសារជ្រូកមិនអង្គុយដូចមនុស្សឡើយ ដូច្នេះការធ្វើតេស្ដនេះមិនអាចយកទៅប្រៀបធៀបជាមួយគ្រោះថ្នាក់លើមនុស្សនោះទេ។ អ្វីដែលគួរឱ្យសង្វេគជាងនេះគឺពួកវាមានអាយុចាប់ពី ៧០ ទៅ ៨០ថ្ងៃប៉ុណ្ណោះ។

    យ៉ាងណាក៏ដោយនេះមិនមែនជាលើកទី១ ដែលក្រុមហ៊ុនរថយន្តបានប្រើប្រាស់វិធីនេះ ទាំងដែលការពិតពួកគេដឹងយ៉ាងច្បាស់ថាវាគ្មានប្រយោជន៍។ សូម្បីតែក្រុមហ៊ុនរថយន្ត General Motors របស់អាមេរិកក៏ធ្លាប់ធ្វើបែបនេះដែរ ដោយកាលពីមុនពួកគេបានប្រើប្រាស់ឆ្កែ ជ្រូក ទន្សាយ និងកណ្ដុររាប់ពាន់ក្បាលដើម្បីយកមកធ្វើតេស្ត។ ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ១៩៩០ មកដល់សព្វថ្ងៃ ពួកគេឈប់ប្រើវិធីបែបនោះទៀតហើយ ​ព្រោះវាជាអំពើគ្មានសីលធម៌។ សង្ឃឹមថាក្រុមហ៊ុនដែលបានធ្វើអំពើឃោរឃៅនោះ នឹងអាចដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងបញ្ឈប់អំពើបែបនេះ៕

    អត្ថបទ៖ លីដា

    Share This Post: