សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នឹងត្រូវប្រព្រឹត្តទៅនៅរដ្ឋធានីម៉ាឌ្រីដប្រទេសអេស្បាញ
រដ្ឋាភិបាលអេស្បាញបានប្រកាសពីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ាឌ្រីដ នាខែធ្នូខាងមុខនេះ បន្ទាប់ពីប្រទេសឈីលីបានចាកចេញពីតំណែងជាម្ចាស់ផ្ទះ។ រដ្ឋាភិបាលនិយាយនៅថ្ងៃសុក្រនេះថា ការប្រមូលផ្តុំគ្នាដែលគេស្គាល់ថា COP25 នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ដល់ ១៣ ខែធ្នូ ដូចដែលបានគ្រោងទុក។ អេស្បាញបានស្នើសុំធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំ COP25 បន្ទាប់ពីប្រទេសឈីលីបានលុបចោលផែនការធ្វើជាម្ចាស់ផ្ទះកិច្ចចរចារបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកកាលពីខែវិច្ឆិកា។

ការលុបចោលនេះគឺដោយសារតែការតវ៉ាប្រឆាំងដ៏រាលដាលនៅក្នុងប្រទេស ដែលត្រូវបានបង្កឡើងដោយការឡើងថ្លៃរថភ្លើងក្រោមដី។ ប៉ុន្តែមានការព្រួយបារម្ភថា តើអេស្ប៉ាញអាចត្រៀមខ្លួនបានក្នុងរយៈពេលប្រហែលមួយខែទៀតទេ? ដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិដែលមានមនុស្សរាប់ម៉ឺននាក់នេះ ខណៈអេស្ប៉ាញនឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១០ ខែវិច្ឆិកា ផងដែរ។ ការតវ៉ានៅតែបន្តកើតមាននៅក្នុងប្រទេសអេស្ប៉ាញ ដែលប្រឆាំងនឹងការកាត់ទោសរបស់តុលាការកំពូលនៃមេដឹកនាំបំបែកខ្លួនកាតាឡានទៅពន្ធនាគារ សម្រាប់តួនាទីរបស់ពួកគេនៅក្នុងការធ្វើប្រជាមតិឯករាជ្យមួយ។
ទន្ទឹមនឹងនេះសកម្មជនអាកាសធាតុស៊ុយអែត Greta Thunberg បានប្រកាសថា នាងនឹងចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ។ ក្មេងស្រីជំទង់រូបនេះបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដ៏ឆ្ងាយដោយជិះកាណូតទៅកាន់សហរដ្ឋអាមេរិកនៅខែសីហា ខណៈដែលនាងបដិសេធមិនហោះហើរដោយសារតែតែការបច្ចេញកាបូនដ៏ច្រើនរបស់អាកាសចរណ៍។ បន្ទាប់ពីផ្លាស់ទៅម៉ាឌ្រីដកាលពីថ្ងៃសុក្រ Thunberg បានអំពាវនាវរកជំនួយ ដោយនាងបានសរសេរថា៖ “វាបានន័យថាខ្ញុំបានធ្វើដំណើរពាក់កណ្តាលពិភពលោកខុសផ្លូវ” ។ នាងបានបន្ថែមទៀតថា “ប្រសិនបើនរណាម្នាក់អាចជួយខ្ញុំរកមធ្យោបាយដឹកជញ្ជូន ខ្ញុំពិតជាមានអំណរគុណណាស់” ៕


អត្ថបទ៖