ច្បាប់ជីវិតទាំង ១៣ចំណុច ដែលប្រជាជនជប៉ុនមានភាពប្លែកពីគេ ហើយបរទេសក៏ពិបាកនឹងយល់
១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។

២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធនៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ពួកគេ។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។

៣. គ្មាននរណាដែលដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការញ៉ាំអាហារគឺជារឿងពិសិដ្ឋនៅទីនោះ។ ការបរិភោគអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ត្រូវបានគេមើលងាយផងដែរ ប៉ុន្តែវាមិនអីទេប្រសិនបើនៅលើរថភ្លើងជិះផ្លូវវែងឆ្ងាយ។

៤. ស៊ីផ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ សូម្បីតែនៅពេលដែលមានផ្លូវស្ទះដ៏មមាញឹកប៉ុណ្ណា ក៏អ្នកនឹងមិនឮនរណាមួយស៊ីផ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះពួកគេធ្វើការស៊ីផ្លេ ដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។

៥. ពិបាករកអាហារបួស៖ ភាគច្រើនអ្នកលក់នៅទីនោះមិនរំពឹងថា លោកអ្នកជាអ្នកហូបបួស (vegetarian) នោះទេ។ គ្រប់មុខអាហារសុទ្ធតែមានជាតិសាច់ សូម្បីតែមីធម្មតាក៏មានជាតិសាច់ ដោយសារតែវាត្រូវបានចម្អិនដោយទឹកស៊ុបរំងាស់មានសាច់។

៦. កណ្ដាស់ដាក់នរណាម្នាក់គឺជារឿងប្រមាថ៖ ប្រសិនបើអ្នកផ្ដាសាយ ហើយច្រឡំកណ្ដាស់នៅនឹងមុខជនជាតិជប៉ុន វាជាអំពើដែលប្រៀបដូចជាអ្នកកំពុងប្រមាថពួកគេ ដោយពួកគេគិតថា អ្នកកំពុងចង់បង្ហាញថាអ្នកល្អជាងពួកគេ។ ប្រសិនបើជនជាតិជប៉ុនមានហៀរសំបោរ ពួកគេត្រូវពាក់ម៉ាស។ ប៉ុន្តែការញ៉ាំមីដោយទំពារឮមិនត្រូវបានគេប្រកាន់នោះទេ ដែលនេះជារឿងចម្លែកមែនទែន។

៧. ពួកគេមិនទម្លាប់មានម៉ោងសម្រាកនោះទេ៖ ជនជាតិជប៉ុនជាមនុស្សដែលរវល់បំផុត ពួកគេមិនចេះសម្រាកនោះទេ។ ពួកគេអាចធ្វើការរហូតដល់ ៦០ម៉ោងក្នុងមួយសប្ដាហ៍ ដែលធ្វើឱ្យពួកគេគ្មានសូម្បីតែពេលទៅលេងកីឡា និងដើរលេងបន្ទាប់ពីការងារ។

៨. ជប៉ុនមិនអាចជួយការងារអ្នកដទៃនោះទេ៖ សូមកុំយល់ច្រឡំត្រង់ចំណុចនេះ! មិនមែនពួកគេមិនចេះជួយគ្នានោះទេ ប៉ុន្តែពួកគេមិនអាចធ្វើការខុសពីតួនាទីឡើយ។ ជាក់ស្ដែងប្រសិនបើអ្នកជួយការងារអ្នកអនាម័យ វាត្រូវបានគេចាត់ទុកថាអ្នកកំពុងចង់យកការងាររបស់ពួកគេ។

៩. គ្មានធុងសំរាម៖ នៅក្នុងទីក្រុងតូក្យូ ដែលជារាជធានីរបស់ជប៉ុន គឺស្ទើរតែគ្មានធុងសំរាមទាល់តែសោះ។ ប្រជាជនដាក់សំរាមក្នុងថង់ ហើយទុកដាក់វាជាគំនររហូតដល់ក្រុមភ្នាក់ងារពិសេសមកទទួល។ មូលហេតុដែលពួកគេមិនសូវប្រើធុងសំរាមគឺដោយសារអំឡុងឆ្នាំ២០០០ ធុងសំរាមត្រូវបានគេប្រើជាកន្លែងលាក់គ្រាប់ផ្ទុះ ហើយជាលទ្ធផលមានភេរវកម្មកើតឡើងដែលធ្វើឱ្យមានមនុស្សស្លាប់។

១០. ប្រជាជនជប៉ុនកត់សម្គាល់ព័ត៌មានលម្អិតទាំងអស់៖ នៅក្នុងសង្គមជប៉ុនបើគ្រាន់តែមានទឹកមុខចម្លែក ឬគ្រវីដៃធម្មតា នឹងមិនត្រូវបានគេកត់សម្គាល់ទេ។ ប៉ុន្តែប្រសិនបើសំឡេងរបស់អ្នកស្តាប់ទៅចម្លែកសូម្បីតែបន្តិច ពួកគេនឹងសួរអ្នកភ្លាមថាអ្នកមានកើតអីឬអត់ទេ។ នៅទីនេះមនុស្សមិនចាំបាច់ត្រូវការពាក្យសម្ដីដើម្បីយល់ព័ត៌មាន ឬទាយរាល់សំណើ និងបំណងប្រាថ្នារបស់អ្នកនោះទេ។ ប្រសិនបើអ្នកចង់បញ្ជាក់ក្ដីស្នេហ៍ទៅឱ្យបុរសជប៉ុន ដោយគ្រាន់តែឆ្លងប្រទេសចោលអ្នកផ្ទះមកនៅទីនេះ វាគឺមិនគ្រប់គ្រាន់នោះទេ។ អ្នកត្រូវកត់សម្គាល់ព័ត៌មានលម្អិតជានិច្ច ជាឧទាហរណ៍ដូចជាការឆុងតែ ឬចិតផ្លែឈើយ៉ាងពិសេសសម្រាប់តែម្នាក់នោះជាដើម៕

១១. ស្ត្រីមិនអាចមានប្រាក់ខែស្មើបុរសនោះទេ៖ សង្គមបែបនេះគែហៅថា “patriarchy” ដែលស្ត្រីគួរតែនៅផ្ទះមើលកិច្ចការក្នុងផ្ទះ។ មិនថាវាជាការងារដូចគ្នាក៏ដោយ ស្ដ្រីមិនត្រូវបានទទួលប្រាក់ខែស្មើបុរសនោះទេ ហើយនេះជាមូលហេតុដែលភាគច្រើនស្ត្រីជប៉ុនបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងកំណត់ច្បាប់ដោយលែកខ្លួនឯង។ នៅជប៉ុនក្រោយពេលអ្នករៀបការរួចហើយនោះ ជាប្រពន្ធត្រូវនៅផ្ទះទុកដាក់កិច្ចការក្នុងផ្ទះ ហើយសូម្បីតែប្រាក់ខែរបស់ប្ដីក៏ប្រពន្ធជាអ្នកកាន់កាប់ផងដែរ។ ប្ដីភាគច្រើនត្រូវប្រគល់ប្រាក់ទៅឱ្យប្រពន្ធដែលមិនធ្វើការនៅមើលផ្ទះ ដើម្បីរៀបចំទុកដាក់ឱ្យពួកគេ។

១២. បារប្រពៃណីសម្រាប់ការជួបជុំរវាងបុគ្គលិក និងចៅហ្វាយ៖ ការជួបជុំរវាងមេ និងកូនចៅ គឺជាប្រពៃណីសម្រាប់បុគ្គលិកជប៉ុន។ នេះជាវិធីដែលធ្វើឱ្យពួកគេមានទំនាក់ទំនងល្អជាមួយគ្នា។ ការងារនៅការិយាល័យវាដូចជាទាសភាពមួយដែរ ព្រោះថាប្រសិនបើអ្នកមិនទៅតាមគេ អ្នកនឹងដាច់ឆ្ងាយពីគេ។ ប្រសិនបើអ្នកមិនចង់ទៅជួបជុំគ្នានោះ អ្នកត្រូវធ្វើតាមច្បាប់ក្រមសីលធម៌ ដើម្បីកុំឱ្យមេរបស់អ្នកមិនសប្បាយចិត្ត។ ព្រោះថាចៅហ្វាយរបស់អ្នកបានអញ្ជើញអ្នកទាំងអស់គ្នាមកសប្បាយ ហើយគាត់ក៏ជាអ្នកចំណាយលើថ្លៃទាំងនោះ ដូច្នេះវាដូចជាការប្រមាថទឹកចិត្តគាត់មួយដែរប្រសិនបើអ្នកជំទាស់។

១៣. មិនមានលុយធ្វើការថែមម៉ោងនោះទេ៖ បើក្រុមហ៊ុនណាមានការងារច្រើនដែលតម្រូវឱ្យធ្វើការបន្ថែមម៉ោង នោះពួកគេនឹងធ្វើការថែម៉ោងដោយមិនគិតរឿងលុយថែមម៉ោងនោះទេ។ ការឡើងប្រាក់ខែឱ្យបុគ្គលិកមិនផ្អែកលើការងារល្អរបស់ពួកគេទេ ប៉ុន្តែស្ថិតនៅលើរយៈពេលដែលបុគ្គលិកនោះធ្វើការឱ្យក្រុមហ៊ុន។ មានពេលខ្លះបុគ្គលិកអាចនឹងធ្វើការអូសបន្លាយពេល និងក្លែងធ្វើជារវល់បាន ព្រោះថាគេមិនខ្វល់ថាអ្នកធ្វើបានល្អប៉ុណ្ណានោះទេ៕

អត្ថបទ៖ លីដា