អន្តរជាតិ

ទម្លាប់ដេកមើលរឿងភាគច្រើនធ្វើឲ្យយុវជនម្នាក់មានជំងឺដាច់សរសៃឈាមខួរក្បាល

BY
autoadmin
November 2, 2019

ចិន៖ យុវជនវ័យ ១៩ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ព្រោះតែរូបគេមានទម្លាប់ដេកមើលរឿងភាគជាច្រើនម៉ោងគ្មានពេលសម្រាកជាប្រចាំ។ យុវជនរងគ្រោះត្រូវបានគេបញ្ជាក់ថា ជាមនុស្សធាត់មានទម្ងន់ខ្លួនរហូតដល់ ១០០ គីឡូក្រាម រស់នៅក្នុងខេត្ត Jiangsu ភាគខាងត្បូងប្រទេសចិន។ ជាមនុស្សធាត់លើសទម្ងន់ស្រាប់ទៅហើយ យុវជនរងគ្រោះថែមទាំងមានទម្លាប់ខ្ជិលច្រអូសទៀត ដោយមួយថ្ងៃៗរូបគេគិតតែដេកនៅលើគ្រែមើលរឿងភាគ ហើយមិនសូវចេញក្រៅដើរលេង ឬទៅលេងកីឡាឡើយ។

ក្នុងថ្ងៃកើតហេតុខណៈដែលរូបគេកំពុងដេកមើលរឿងភាគដូចរាល់ដងនោះ ស្រាប់តែជនរងគ្រោះបានសន្លប់ និងត្រូវបានគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ បន្ទាប់ពីធ្វើការវះកាត់ជួយជនរងគ្រោះ និងបានសិក្សាពីសកម្មភាពប្រចាំថ្ងៃរបស់ជនរងគ្រោះរួច វេជ្ជបណ្ឌិតបានពន្យល់ថា ទម្លាប់ដេកមើលរឿងភាគជាច្រើនម៉ោងបានធ្វើឲ្យលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលរបស់ជនរងគ្រោះថយចុះជាខ្លាំង និងត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តងនៅក្នុងថ្ងៃកើហេតុនោះទើបជនរងគ្រោះត្រូវសន្លប់តែម្តង។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា សម្រាប់មនុស្សធាត់លើសទម្ងន់ត្រូវតែលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើន បើមិនដូចនោះទេពួកគេងាយនឹងកើតមានបញ្ហាសុខភាពណាស់៕

អត្ថបទ៖ ភក្តី

Share This Post: