អ្នកដំណើរវៀតណាមម្នាក់ត្រូវគេហាមឃាត់មិនឱ្យចូលដីអូស្ត្រាលីរយៈពេល ៣ឆ្នាំ ដោយសារយកនំលោកខែញាត់សាច់ជ្រូកតាមខ្លួន
អូស្ត្រាលី៖ ថ្មីៗនេះមន្រ្តីផ្នែកជីវសុវត្ថិភាពនៅឯអាកាសយានដ្ឋានស៊ីដនី បានឃាត់ខ្លួន និងលុបចោលទិដ្ឋាការភ្ញៀវទេសចរម្នាក់ ដោយសារតែគាត់បានរំលោភច្បាប់ជីវសុវត្ថិភាព។ អ្នកដំណើរម្នាក់នោះគឺមកពីប្រទេសវៀតណាម ហើយគាត់ត្រូវបានគេឃាត់ខ្លួន និងបញ្ជូនទៅស្រុកវិញ ដោយសារបាននាំយកនំលោកខែ ដែលមានញាត់សាច់ជ្រូករហូតដល់ទៅ ៤គីឡូក្រាម។ មូលហេតុនៃការចាប់ខ្លួនគឺដោយសារថ្មីៗនេះនៅតាមព្រំដែនមានការធ្វើតេស្ដលើសាច់ជ្រូក ហើយនំលោកខែមួយចំនួនគឺត្រូវបានតេស្ដវិជ្ជមានសម្រាប់មេរោគប៉េស្ដជ្រូកអាហ្វ្រិក (ASF) និងពងបែកលើជើង និងមាត់ (FMD) ។

វាមិនច្បាស់ទេថា នំលោកខែរបស់ជនជាតិរៀតណាមម្នាក់នោះមានមេរោគ ឬយ៉ាងណា ប៉ុន្តែពួកមន្ដ្រីនឹងគ្មានការអត់ឱន (zero tolerance) ចំពោះផលិតផលសាច់ជ្រូកដែលចេញពីប្រទេសមានការឆ្លងរាលដាលនៃជំងឺនេះនោះទេ។ ចំណែកឯការដាក់ទោសម្រាប់ជនជាតិវៀតណាមម្នាក់នោះគឺ គាត់នឹងមិនអាចត្រឡប់ទៅអូស្ត្រាលីវិញរយៈពេល ៣ឆ្នាំ។ ហើយសម្រាប់ជនជាតិអូស្រ្តាលីដែលប្រព្រឹត្តិដូចគ្នាអាចប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ឬតាមចំណាត់ការរបស់តុលាការស៊ីវិល។ ពួកគេអាចត្រូវបង់ប្រាក់ពិន័យរហូតដល់ ៤២០,០០០ដុល្លារ និងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ៕




អត្ថបទ៖ លីដា