“កញ្ចប់ VIP” មានទាំងជើងហោះហើរ និងលិខិតឆ្លងដែនក្លែងក្លាយ បានទាក់ទាញជនជាតិវៀតណាមឱ្យចាញ់បោកគេធ្វើចំណាកស្រុកទៅអង់គ្លេស
អ្នកទាំងអស់គ្នាមាននៅចាំព័ត៌មានថ្មីៗនេះដែរទេ? វាទាក់ទិននឹងសាកសពមនុស្សចំនួន ៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងរថយន្តកុងតឺន័រមានបំពាក់ប្រព័ន្ធបង្កកមួយ នៅឯកំពង់ផែ Purfleet ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ដើមឡើយអ្នកស៊ើបអង្កេតបាននិយាយថា សាកសពទាំងនោះគឺជាជនជាតិចិន ប៉ុន្តែក្រោយមានការរាយការណ៍អំពីការបាត់ខ្លួនអ្នកចំណាកស្រុកពីវៀតណាម ពួកគេក៏ទាញយកការសន្និដ្ឋានថា សាកសពទាំងនោះជាជនជាតិវៀតណាមទាំងអស់។

បញ្ហាគឺនៅត្រង់ថា ក្នុងតម្លៃរហូតដល់ ៥០,០០០ដុល្លារ ជនចំណាកស្រុកវៀតណាមអាចទទួលបាន “កញ្ចប់វីអាយភី” ទៅកាន់ប្រទេសអង់គ្លេស ជាមួយនឹងការហោះហើរ លិខិតឆ្លងដែនក្លែងក្លាយ និងសូម្បីតែមេធាវីក៏ខុសច្បាប់ផងដែរ។ “កញ្ចប់វីអាយភី” នេះត្រូវបានគេគិតថាជា កញ្ចប់មានសុវត្ថិភាពបំផុត និងឆាប់ដល់គោលដៅចុះចត ដែលខុសពីអាតម្លៃ ១៥,០០០ដុល្លារ ដែលពួកគេត្រូវធ្វើដំណើរតាមផ្លូវគោក កាត់ព្រៃរហូតដល់រាប់ខែទម្រាំដល់គោលដៅដែលពួកគេចង់ទៅ។
ដូច្នេះហើយដើម្បីឱ្យការធ្វើដំណើររបស់ពួកគេឆាប់ដល់គោលដៅ ក្រុមគ្រួសាររបស់ពួកគេអាចឈានដល់ការលក់ដី ឬទទួលយកប្រាក់កម្ចីយ៉ាងច្រើន សម្រាប់ការធ្វើដំណើរដោយជឿជាក់ថា ការវិនិយោគនេះនឹងសងឱ្យពួកគេវិញច្រើនដងប្រសិនបើពួកគេទៅដល់ទៅនោះ។ យ៉ាងណាក៏ដោយការធ្វើដំណើររបៀបពួកគេគឺមានហានិភ័យណាស់។ បើយោងតាមគ្រួសារជនរងគ្រោះម្នាក់បាននិយាយថា អ្នករត់ការបានបោកពួកគេថា ពួកគេនឹងត្រូវជិះរថយន្ត ៤កៅអី ដើម្បីធ្វើដំណើរបន្ដបន្ទាប់ពីចុះពីលើយន្តហោះ ប៉ុន្តែទីបំផុតពួកគេត្រូវជិះក្នុងកុងតឺន័រជាន់គ្នាបែបនេះទៅវិញ។
មានគ្រួសារខ្លះក៏បានរាយការណ៍ថា នៅពេលសមាជិកពួកគេបានទៅដល់ទីនោះ ពួកគេតែងតែទូរសព្ទមកសុំប្រាក់បន្ថែម ដើម្បីធ្វើដំណើរបន្ត ប៉ុន្តែក្រោយៗមកពួកគេមិនអាចទាក់ទងគ្នាបានទៀតនោះទេ។ មានអ្នកចំណាកស្រុកខ្លះត្រូវធ្វើការដើម្បីសងថ្លៃធ្វើដំណើរទៅមុខទៀតរបស់ពួកគេ ហើយជាទូទៅពួកគេនឹងត្រូវធ្វើជា ចុងភៅ កម្មកររោងចក្រ ឬអ្នកលក់ក្នុងផ្សារ និងអ្នកខ្លះរួមទាំងអនីតិជនត្រូវបានបង្ខំឱ្យធ្វើការងារផ្លូវភេទ។ ហេតុផលទាំងនេះហើយដែលពួកគេគិតថា ករណីអ្នកស្លាប់ទាំង ៣៩នាក់គឺដោយសារការជួញដូរមនុស្ស ខណៈជនរងគ្រោះផ្ទាល់ត្រូវចាញបោកតាមសម្ដីរបស់អ្នករត់ការ៕




អត្ថបទ៖ លីដា