ការសិក្សាបង្ហាញថា ខ្យល់នៅក្នុងផ្ទះមានភាពកខ្វក់ជាងនៅខាងក្រៅ ហើយនេះជាហេតុផលរបស់វា…
យោងតាមការសិក្សាដោយ Environmental Research and Public Health បានឱ្យដឹងថា ខ្យល់ក្នុងផ្ទះអាចត្រូវបានបំពុលច្រើនជាងខ្យល់នៅខាងក្រៅ។ ហើយវាត្រូវបានគេប៉ាន់ស្មានថា មនុស្សភាគច្រើនចំណាយពេល ៩០% នៃជីវិតរបស់ពួកគេនៅក្នុងបន្ទប់ មិនថាជាផ្ទះ សាលារៀន ការងាររបស់ពួកគេ ឬកន្លែងណាដែលមានបរិយាកាសដូចក្នុងផ្ទះឯកជន ឬសាធារណៈ។

ខ្យល់នៅក្នុងផ្ទះរបស់អ្នកជាធម្មតាមានលាយសារធាតុកខ្វក់ពីខាងក្រៅដូចជា ខ្យល់ចេញពីយានយន្ត ឬរោងចក្រជាដើម។ ហើយមួយទៀតគឺប្រភពចំហេះ និងការបំភាយឧស្ម័នចេញពីសម្ភារៈសំណង់ គ្រឿងសង្ហារិម និងឧបករណ៍អេឡិចត្រូនិច។ សូម្បីតែសំណើម ការសម្អាតផលិតផល និងសារធាតុគីមីក៏មានភាពគ្រោះថ្នាក់ខ្លាំង ដែលអាចបំពុលដល់ខ្យល់នៅក្នុងកន្លែងរស់នៅរបស់អ្នក។ ហេតុផលមួយទៀតសម្រាប់ខ្យល់អាកាសមិនល្អគឺទម្លាប់ដូចជាអ្នកចូលចិត្តជក់បារី ឬចិញ្ចឹមសត្វ។

នេះគ្រាន់តែបង្ហាញថា មនុស្សជាច្រើនកំពុងប្រឈមនឹងការស្រូបយកខ្យល់កខ្វក់ និងខ្យល់ពុលរាល់ថ្ងៃ។ បន្ថែមលើនេះគុណភាពខ្យល់មិនល្អកាន់តែបង្កគ្រោះថ្នាក់ដល់ក្រុមងាយរងគ្រោះដូចជា៖ កុមារ មនុស្សចាស់ ឬមនុស្សដែលទទួលរងពីជំងឺផ្លូវដង្ហើម និងជំងឺសរសៃឈាមបេះដូង។ ការស្រាវជ្រាវនេះបង្ហាញថា ខ្យល់ពុលនៅក្នុងផ្ទះអាចប៉ះពាល់ដល់កុមារច្រើនជាងខ្យល់នៅខាងក្រៅ។ ប្រព័ន្ធដកដង្ហើមគឺជាគោលដៅចំបងសម្រាប់ការបំពុលបរិយាកាស ហើយវាអាចបណ្តាលឱ្យមានបញ្ហាយូរអង្វែងសម្រាប់កុមារ។
ក្រុមមនុស្សទី២ ដែលមានហានិភ័យខ្ពស់បំផុតនៃបញ្ហាសុខភាពដោយសារខ្យល់កខ្វក់ គឺមនុស្សវ័យចំណាស់។ ការសិក្សាដោយមូលនិធិសួតអឺរ៉ុបបានរកឃើញថា ការបំពុលខ្យល់ក្នុងផ្ទះនៅក្នុងផ្ទះថែទាំមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធដង្ហើមរបស់មនុស្សវ័យចំណាស់ និងគុណភាពជីវិតរបស់ពួកគេ។ ការសិក្សានេះអះអាងថា ការធ្លាក់ចុះនៃសន្ទស្សន៍គុណភាពខ្យល់អាចកាត់បន្ថយផលិតភាពរបស់អ្នកបាន ៥% ។ ដូច្នេះខ្យល់កខ្វក់គឺមិនល្អសម្រាប់យើងតាមវិធីច្រើនជាងមួយមុខ។
យ៉ាងណាមិញអ្នកជំនាញបានណែនាំឱ្យតំឡើងឧបករណ៍ចាប់សញ្ញាបរិស្ថាន។ ព្រោះវាអាចតាមដានគុណភាពនៃខ្យល់ដែលយើងដកដង្ហើម ផ្តល់ឱ្យយើងនូវព័ត៌មានសំខាន់ៗអំពីអ្វីដែលយើងកំពុងដកដង្ហើមចូល និងជួយឱ្យយើងស្វែងយល់នៅពេលដែលត្រូវប្រឈមនឹងវា។ យើងអាចធ្វើអ្វីផ្សេងទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់នៅខាងក្នុងផ្ទះ កន្លែងធ្វើការ និងសាលារៀនដោយយកចិត្តទុកដាក់ដូចជា៖
– បំពាក់ឧបករណ៍ខ្យល់ចេញចូល គឺជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ក្នុងផ្ទះ។ ប្រព័ន្ធ HVAC ដែលបានតំឡើងយ៉ាងត្រឹមត្រូវអាចជួយការពារការកកើតការបំពុល។ ដូចគ្នានេះផងដែរត្រូវប្រាកដថា អ្នកមានខ្យល់ចេញចូលនៅជាប់នឹងប្រដាប់ប្រដាដែលងាយឆេះរបស់អ្នក ហើយរក្សាវាឱ្យស្អាតជានិច្ច។
– ម៉ាស៊ីនសម្ងួតខោអាវអ្នក គួរតែដាក់ឱ្យធ្វើការដោយផ្ទាល់នៅខាងក្រៅផ្ទះ។
– អ្នកមិនគួររក្សាទុកសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ប្រដាប់សម្អាត ឬក៏សាំងនៅក្នុងកន្លែងរស់នៅរបស់អ្នកឡើយ។
– កំណត់ការប្រើប្រាស់របស់អ្នកដូចជា៖ ការបារីទៀន ដុតទៀន និងការចំអិនមានផ្សែងខ្លាំងនៅក្នុងផ្ទះ។
– បើកបង្អួចនៅពេលដែលអ្នកសម្លាតផ្ទះ ឬធ្វើកិច្ចការដែលអ្នកគិតថាមានភាពហុយ។
– កង្ហារដែលបំពាក់នៅក្នុងបង្គន់ គួរបើកវាចោល ៦០នាទី បន្ទាប់ពីអ្នកចូលសម្អាតខ្លួន។
– បំពាក់ឧបករណ៍តម្រងភាគល្អិតល្អ ឬម៉ាស៊ីនសម្អាតខ្យល់ក៏សំខាន់ណាស់ដែរ ដើម្បីការពារភាពកខ្វក់ចេញពីខ្យល់។
ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះសុខភាពនៅក្នុងផ្ទះរបស់អ្នក៕
