ប្តីប្រពន្ធគួរតែរួមភេទឱ្យបានទៀងទាត់ទៅតាមអាយុកាលរបស់ពួកគេដើម្បីសុខភាព
ការសិក្សាថ្មីមួយដែលបានគូសបញ្ជាក់ដោយ The Sun បានបង្ហាញពីបរិមាណនៃការរួមភេទ ដែលអ្នកគួរតែមានយោងទៅតាមអាយុកាលរបស់អ្នក។ ក្នុងនោះផងដែរក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Kinsey បាននិយាយថា ការបន្តពូជ និងយេនឌ័រ បានកំណត់ពេលវេលានៅក្នុងជីវិតរបស់យើង ហើយអាយុណាដែលយើងមានការរួមភេទខ្លាំងបំផុត និងហេតុអ្វីវាសំខាន់សម្រាប់សុខភាពរបស់យើង។ នៅក្នុងការសិក្សានោះវាបានបង្ហាញថា មនុស្សសម័យបច្ចុប្បន្ន ពោលគឺក្រុមចូលវ័យជំទង់នៅអំឡុងឆ្នាំ២០០០ មានការរួមភេទច្រើនបំផុត។

ការសិក្សាបានបង្ហាញថា មនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ២៩ឆ្នាំ គួរតែរួមភេទចំនួន ១១២ដង/ឆ្នាំ ដែលគិតជាមធ្យមគឺ ២ដងក្នុងមួយសប្តាហ៍។ ការសិក្សាខុសគ្នាក៏បានរកឃើញថា និស្សិតនៅសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania ដែលបានរួមភេទ ២ដង ក្នុងមួយសប្តាហ៍ មានកម្រិតអង្គបដិប្រាណ (វត្ថុធាតុសម្រាប់ការពារនៅក្នុងខ្លួន) ខ្ពស់ជាង បើប្រៀបធៀបនឹងអ្នកដែលមិនមានការរួមភេទសោះ។ ការរួមភេទវាភ្ជាប់មកជាមួយអត្ថប្រយោជន៍សុខភាពមួយចំនួនដូចជា៖ ការបន្ថយសម្ពាធឈាម បន្ថយភាពតានតឹង ការថបអារម្មណ៍ និងជួយឱ្យគេងលក់ស្រួល។
បើនិយាយអំពីអាយុបន្ទាប់ពីអាយុនិតិជន គឺពីចន្លោះ ៣០ ទៅ ៣៩ឆ្នាំ មនុស្សគួរតែរួមភេទឱ្យបាន ៨៦ដង/ឆ្នាំ ដែលស្មើនឹង ១.៦ដងក្នុងមួយសប្តាហ៍។ ចំណែកឯមនុស្សដែលមានអាយុចន្លោះពី ៤០ ទៅ ៤៩ឆ្នាំ គួរតែរួមភេទប្រហែល ៦៩ដងក្នុងមួយឆ្នាំ។ ការសិក្សាក៏បានសង្គត់ធ្ងន់ដែរថា សកម្មភាពអន់ថយការរួមដំណេកនៅវ័យចំណាស់ ទំនងជាដោយសារតែមនុស្សមានគ្រួសារ ឬកាលវិភាគការងាររវល់ជាងអ្នកដែលមានអាយុតិចជាង៕

អត្ថបទ៖ លីដា
ប្រភព៖ HER