តើអ្នកដឹងទេ? លើសទម្ងន់គឺខុសច្បាប់ក្នុងប្រទេសជប៉ុន ហើយអ្នកទទួលការពិន័យគឺក្រុមហ៊ុនដែលគ្រប់គ្រងអ្នកទាំងនោះ
- BY
- autoadmin
- November 6, 2019
កាលពីខែមករា ឆ្នាំ២០០៨ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានណែនាំ “ច្បាប់មេតាប៉ូ” ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការធាត់លើសទម្ងន់នៅក្នុងប្រទេស។ ខណៈពេលដែលច្បាប់នេះតម្រូវឱ្យបុរស និងស្ត្រី ដែលមានអាយុចន្លោះពី ៤០ ទៅ ៧៥ឆ្នាំ ត្រូវមានការពិនិត្យមើលចង្កេះរបស់ពួកគេម្តងក្នុងមួយឆ្នាំ ហើយស្វែងរកការព្យាបាលប្រសិនបើពួកគេពិតជាលើសទម្ងន់ដែលបានកំណត់មែននោះ ច្បាប់នេះវាមិនបានកំណត់ថា ការធាត់ជាបទល្មើសព្រហ្មទណ្ឌនោះទេ។ “ច្បាប់មេតាប៉ូ” ត្រូវបានគេដាក់ឈ្មោះតាមរោគសញ្ញាមេតាប៉ូលីស (metabolic syndrome) ដែលជាក្រុមអាចបង្កជំងឺរួមមាន៖ លើសឈាម និងជាតិខ្លាញ់ក្នុងខ្លួន ដែលអាចបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរ។

ក្នុងឆ្នាំ២០០៨ “ច្បាប់មេតាប៉ូ” ត្រូវបានអនុវត្តលើបុរស ដែលមានទំហំចង្កេះធំជាង ៣៣.៥អ៊ីញ (៨៥សង់ទីម៉ែត្រ) និងស្ត្រីដែលមានទំហំចង្កេះធំជាង ៣៥.៤អ៊ីញ (៩០សង់ទីម៉ែត្រ)។ មនុស្សដែលលើសដែនកំណត់របស់រដ្ឋាភិបាល ដែលដូចគ្នានឹងការវាស់វែងដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិក្នុងឆ្នាំ២០០៦ ប្រហែលជាតម្រូវឱ្យទៅពិគ្រោះយោបល់ ឬពិគ្រោះជាមួយអ្នកជំនាញសុខភាពអំពីជម្រើសនៃរបបអាហារពួកគេ។
បុគ្គលលើសទម្ងន់ទាំងនោះមិនមែនជាអ្នកទទួលការពិន័យផ្ទាល់នោះទេ គឺក្រុមហ៊ុន ឬរដ្ឋាភិបាលក្នុងតំបន់ ដែលនឹងត្រូវទទួលពិន័យផ្នែកហិរញ្ញវត្ថុជំនួស ប្រសិនបើបុគ្គលិកក្រោមបន្ទុករបស់ពួកគេមិនបំពេញតាមស្តង់ដាររដ្ឋាភិបាល។ ប៉ុន្តែច្បាប់នេះហាក់គ្មានអ្វីគួរឱ្យបារម្មណ៍នោះទេ ព្រោះប្រជាជនជប៉ុនមានទម្លាប់របបអាហារល្អស្រាប់ទៅហើយ។ បើតាមស្ថិតិចាស់បានបង្ហាញថា ពលរដ្ឋជប៉ុនអាយុលើសពី ៣០ឆ្នាំ មានការលើសទម្ងន់តែ ៣.៦% ប៉ុណ្ណោះ ខណៈអាមេរិកមានរហូតដល់ ៣៥.៧% ឯណោះ៕


អត្ថបទ៖ លីដា
- Share This Post:






