ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រមោចកម្រមួយប្រភេទកំពុងត្រូវប៉ាន់ខ្លាំង មួយក្បាលតម្លៃ ២២០ ដុល្លារ

    BY Pheakdey March 30, 2026
    ស្រមោចកម្រមួយប្រភេទកំពុងត្រូវប៉ាន់ខ្លាំង មួយក្បាលតម្លៃ ២២០ ដុល្លារ

    ជាទូទៅសត្វស្រមោចមិនត្រូវបានគេចាត់ទុកជាប្រភេទសត្វមានតម្លៃខ្ពស់នោះទេ ព្រោះតែសត្វប្រភេទនេះមានចំនួនច្រើន អាចមាននៅគ្រប់ទីកន្លែង ហើយស្រមោចហាក់មិនបានផ្តល់គុណប្រយោជន៍អ្វីច្រើននោះទេ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា មានសត្វសម្រោចកម្រមួយប្រភេទកំពុងត្រូវបានគេជួញដូរក្នុងទីផ្សារងងឹតក្នុងតម្លៃដ៏ខ្ពស់បំផុត ពោលគឺមានតម្លៃរហូតដល់ ២២០ដុល្លារក្នុងមួយក្បាល។

    សត្វស្រមោចដែលមានតម្លៃយ៉ាងខ្ពស់នេះមិនមែនជាស្រមោចធម្មតានោះទេ តែវាគឺជា “ស្តេចសម្រោច”​ (Queen Ant) ហើយជាទូទៅគេតែងហៅវាថា “Giant African Harvester Ant” ខណៈក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះថា “Messor Cephalotes”។ ស្រមោច Giant African Harvester Ant ជាប្រភេទសត្វព្រៃ ពណ៌ក្រហម មានរូបរាងធំជាងស្រមោចធម្មតា រស់នៅតាមជ្រលងភ្នំដាច់ស្រយាលឆ្ងាយៗក្នុងតំបន់អាហ្វ្រិកខាងកើត ជាពិសេសគឺនៅជ្រលងភ្នំ Rift Valley ប្រទេសកេនយ៉ា ហើយជាទូទៅវាតែងវារចេញមកក្រៅជ្រលងភ្នំនៅក្នុងរដូវវស្សា។

    ស្រមោច Giant African Harvester Ant មានលក្ខណៈពិសេសជាច្រើន ដោយវាមានអាយុកាលរស់នៅចន្លោះពី ៥០-៧០ឆ្នាំនិងអាចបន្តដាក់ពងជាយូរអង្វែង ហើយស្តេចសម្រោចនេះតែមួយក្បាលអាចបង្កើតអាណានិគម (colony) ឬគ្រប់គ្រងលើសត្វស្រមោចផ្សេងទៀតរាប់ម៉ឺនក្បាលឯណោះ។ នាពេលបច្ចុប្បន្ន ស្រមោច Giant African Harvester Ant បានក្លាយជាសត្វចិញ្ចឹមដ៏ពិសេសមួយ ដោយគេបានយកវាទៅចិញ្ចឹមនៅក្នុងទូកញ្ចក់ ដើម្បីមើលពីសកម្មភាពគួរឱ្យចាប់អារម្មណ៍របស់វា ដូចជាការសង់រន្ធ ការប្រមូលអាហារ និងការរស់នៅជាក្រុមរបស់ពួកវាដើម។ បើទោះជាសកម្មភាពនៃការជួញដូរសត្វព្រៃត្រូវបានចាត់ទុកជាអំពើខុសច្បាប់ក៏ពិតមែន តែតម្រូវការនៃការទិញស្រមោច Giant African Harvester Ant នៅលើអ៊ីនធឺណិតទូទាំងពិភពលោកបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យតម្លៃរបស់វាបានកើនឡើងយ៉ាងខ្ពស់ផងដែរ ពោលគឺគេអាចដាក់លក់វាក្នុងតម្លៃរហូតដល់ ២២០ដុល្លារក្នុងមួយក្បាល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: