បុរសម្នាក់ធ្វើអត្តឃាតខ្លួនលោតពីលើអគារ ដោយសារស្ត្រេសនឹងបញ្ហាលុយកាក់ពេក
ក្នុងនាមជាបុគ្គលិកភាពតានតឹងក្នុងការស្វែងរកអតិថិជន និងកូតានៃការលក់ គឺពិតជាពិបាកដោះស្រាយណាស់ ជាពិសេសនៅពេលពួកគេពឹងផ្អែកលើកម្រៃជើងសារ ដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យ។ ជាក់ស្ដែងតាមរបាយការណ៍មួយបានឱ្យដឹងថា បុរសម្នាក់អាយុ ៣២ឆ្នាំ មានដើមកំណើតនៅទីប្រជុំជន Bentong រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី បានធ្លាក់ខ្លួនស្ដ្រេសយ៉ាងខ្លាំងលើបញ្ហាហិរញ្ញវត្ថុដែលកំពុងរំខានគាត់ ហើយគាត់បានលោតសម្លាប់ខ្លួនយ៉ាងគួរឱ្យអាណិត ដោយសារតែមិនអាចរ៉ាប់រងថ្លៃចំណាយបានគ្រប់គ្រាន់។

បើយោងតាមសម្ដីមិត្តភក្តិម្នាក់ដែលធ្លាប់បានព្យាយាមប្រឹក្សា និងផ្តល់យោបល់ដល់គាត់បានប្រាប់សារព័ត៌ China Press ថា អ្នកស្លាប់ធ្លាប់បានធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជាច្រើនឆ្នាំ មុនពេលគាត់ចូលរួមជាមួយក្រុមហ៊ុនបច្ចុប្បន្នរបស់គាត់ ក្នុងនាមជាអ្នកលក់ប័ណ្ណឥណទាន។ ប៉ុន្តែប្រាក់ខែគោលរបស់គាត់ [អ្នកស្លាប់] គឺប្រហែល ១,០០០រីងហ្គីត (២៤០ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយដោយគាត់ត្រូវបង់ថ្លៃឈ្នួល ថ្លៃធ្វើដំណើរ និងចំណាយផ្សេងៗផងនោះ ដូច្នេះអ្វីដែលគាត់រកបានមិនគ្រប់គ្រាន់នោះទេ។
ម៉្យាងទៀតសាកសពមុនពេលសម្រេចចិត្តសម្លាប់ខ្លួន គាត់មានបញ្ហាការលក់មិនគ្រប់តាមគោលដៅ ហើយជាលទ្ធផលគាត់មិនទទួលបានប្រាក់សមរម្យនោះទេ។ គ្រួសាររបស់គាត់ក៏ធ្លាប់បដិសេធមិនឱ្យគាត់ធ្វើការបែបនេះដែរ ព្រោះវាមានចំណូលតិច។ ក្រោយមកគាត់ក៏បានចេញពីផ្ទះ ដូច្នេះហើយគាត់ក៏មិនមានទំនាក់ទំនងល្អជាមួយគ្រួសារដែរ។ គាត់ធ្លាប់មានបំណងធ្វើជាមគ្គុទេសទេសចរណ៍ និងបានចូលរៀនវគ្គខ្លីដើម្បីរៀនជំនាញភ្នាក់ងារទេសចរណ៍ផងដែរ។ យ៉ាងណាក៏ដោយប៉ូលីសនៅក្នុងរឿងក្តីនេះបាននិយាយថា ករណីនេះមិនមែនជាការសម្លាប់នោះទេ ហើយឥឡូវនេះកំពុងបន្តការស៊ើបអង្កេតក្រោមការធ្វើបទអត្តឃាត។ សាកសពបានបញ្ជូនទៅមន្ទីរពេទ្យសកលវិទ្យាល័យ ដើម្បីធ្វើកោសល្យវិច័យបន្ថែម៕



អត្ថបទ៖ លីដា