អន្តរជាតិ

វៀតណាមមិនចូលចិត្តលោក Jackie Chan នោះទេ ដោយសារពួកគេចោទថា លោកគាំទ្រផែនទីអណ្ដាតគោរបស់ចិន

BY
autoadmin
November 15, 2019

ជម្លោះទាក់ទងនឹងការទាមទារដ៏ធំធេងរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឱ្យប៉ះពាល់ដល់គម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីកិច្ចការសប្បុរសធម៌របស់តារាក្បាច់គុនលោក Jackie Chan ។ ដំណើរទស្សនកិច្ចដែលបានគ្រោងនៅថ្ងៃទី១០ ខែវិច្ឆិកា គឺជាដំណើររបស់លោក ដើម្បីគាំទ្រដល់ប្រតិបត្តិការស្នាមញញឹម (Operation Smile) ដែលជាអង្គការជួយដល់កុមារដែលមានបញ្ហាខូចទ្រង់ទ្រាយមុខ ឬ disfigurement ហើយផ្តល់ការវះកាត់ដល់ពួកគេដោយឥតគិតថ្លៃ។

អ្នកលេងបណ្ដាញសង្គមរបស់វៀតណាមបានចោទប្រកាន់លោក Jackie Chan ថា បានគាំទ្រយុត្តិកម្មជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន ចំពោះការទាមទារដែនសមុទ្រសម្បូរធនធានរបស់វៀតណាម យោងតាមផែនទី nine-dash line ឬអណ្តាតគោរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយតារាសម្ដែងក្បាច់គុនរូបនេះមិនបានបញ្ជាក់ ឬគាំទ្រការអះអាងនោះទេ។ វាជាប្រភពនៃភាពតានតឹងយូរមកហើយនៅក្នុងតំបន់ ដែលប្រទេសដូចជា៖ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រ៊ុយណេ បានប្រជែងគ្នាទាមទារដែនទឹកដែលត្រួតស៊ីគ្នាជាមួយប្រទេសចិន។ Operation Smile អះអាងថា ការងាររបស់ពួកគេមិនមែនជារឿងនយោបាយទេ ការអញ្ជើញនេះក៏ព្រោះតែលោក Jackie Chan គឺជាឯកអគ្គរដ្ឋទូតរបស់អង្គការ ១០ឆ្នាំមកហើយ៕

អត្ថបទ៖ លីដា

Share This Post: