គ្រូពេទ្យចិត្តសាស្ត្រនិយាយថា ញៀនទិញទំនិញតាមអនឡាញ គឺជាសញ្ញានៃរោគផ្លូវចិត្ត
វេជ្ជបណ្ឌិតអ្នកស្រី Müller គ្រូពេទ្យចិត្តសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Hannover មកពីប្រទេសអាល្លឺម៉ង់ និងសហការីរបស់អ្នកស្រី បានធ្វើការសិក្សាមួយ ដោយពួកគាត់បានតាមដានអ្នកចូលរួមចំនួន ១២២នាក់ ដែលពួកគេកំពុងស្វែងរកជំនួយចំពោះការញៀនទិញទំនិញតាមអ៊ីនធឺណេតរបស់ពួកគេ។ ក្នុងអំឡុងពេលនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលកំពុងមានបញ្ហាញៀននឹងការទិញអីវ៉ាន់អនឡាញ មានអត្រាខ្ពស់នៃជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ។ អ្នកស្រាវជ្រាវជឿថា ការញៀនត្រូវបានកើនឡើងតាមរយៈការកើនឡើងនៃហាងទំនិញអនឡាញ កម្មវិធីទូរសព្ទ និងការចែកចាយដល់ផ្ទះ ដែលទាំងនេះវាបានបន្ថែមវិមាត្រថ្មីទៅនឹងគំនិតនៃការក្លាយជា shopaholic ឬអ្នកញៀនទិញអីវ៉ាន់នេះ។

ទីផ្សារលើអ៊ិនធឺណេតមិនដែលបិទនោះទេ ដូច្នេះអ្នកដើរផ្សារអាចបណ្ដោយខ្លួនបានគ្រប់ម៉ោងពេញមួយថ្ងៃ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ឬទាក់ទងជាមួយមនុស្សផ្សេងទៀតឱ្យទិញជំនួសនោះទេ។ ជារឿយៗហាងលក់តាមអនឡាញក៏ផ្តល់ជូននូវការលក់យ៉ាងពិសេស ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងតម្លៃសមរម្យជាងហាងនៅក្រៅធម្មតា។ ការកើនឡើងនូវផលិតផលអនឡាញមានន័យថា មនុស្សដែលក្មេងជាងវ័យកំពុងបង្ហាញសញ្ញានៃទម្លាប់ការទិញខុសធម្មតា (buying-shopping disorder/BSD) ដែលអ្នកស្រាវជ្រាវជឿថា មានឥទ្ធិពលលើ ៥% នៃប្រជាជននៅលើពិភពលោកនេះ។
BSD ត្រូវបានគេទទួលស្គាល់អស់រយៈពេលជាច្រើនទសវត្សមកហើយ ទោះបីជាវាមិនត្រូវបានចាត់ថ្នាក់ថា ជាជំងឺក្នុងខ្លួនក៏ដោយ។ ផ្ទុយទៅវិញវាស្ថិតនៅក្រោមប្រភេទមួយ ដែលមានឈ្មោះថា “ភាពមិនប្រក្រតីនៃការគ្រប់គ្រងអារម្មណ៍” ប៉ុន្តែយ៉ាងណាវេជ្ជបណ្ឌិតអ្នកស្រី Müller បានបន្ថែមថា វាគួរតែត្រូវបានយកចិត្តទុកដាក់ឱ្យបានខ្ពស់ មិនគួរមើលរំលងដូចសព្វថ្ងៃនោះទេ។ វាបានធ្វើឱ្យអ្នកទិញមានចិត្តចង់ទិញថែមពីមួយទៅមួយ ដែលនេះវាបានធ្វើឱ្យមានទុក្ខព្រួយធ្ងន់ធ្ងរ ដោយសារអ្នកទិញមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន៕



អត្ថបទ៖ លីដា