បាតុកម្មដាច់ដោយលែកថ្មីមួយទៀតបានផ្ទុះឡើងនៅអ៊ីរ៉ង់ ជុំវិញការដំឡើងថ្លៃប្រេងឥន្ធនៈ ៥០ ភាគរយ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយនៅថ្ងៃសៅរ៍ថា ការតវ៉ាដាច់ដោយលែកថ្មីមួយបានផ្ទុះឡើងនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំពោះប្រេងសាំង និងការដំឡើងថ្លៃប្រេងសាំង។ ក្រុមអ្នកតវ៉ាបានប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលបានដំឡើងថ្លៃប្រេងរហូតដល់ ៥០% ហើយក៏បានព្យាយាមចង់ដុតស្ថានីយប្រេងរបស់ទីក្រុងចោលដែរ ប៉ុន្តែត្រូវបានក្រុមមន្ត្រីប៉ូលីសរារាំបាន។ ចំណែករដ្ឋាភិបាលអ៊ីរ៉ង់បានលើកឡើងចំពោះការដំឡើងថ្លៃសាំងថា ការផ្លាស់ប្តូរនេះគឺមានគោលបំណងជួយដល់ពលរដ្ឋដែលកំពុងត្រូវការជំនួយជាសាច់ប្រាក់ទៅវិញ។

មូលហេតុនៃការតវ៉ាដាច់ដោយលែកថ្មីនេះគឺដោយសារ ប្រទេសអ៊ីរ៉ង់បានកំណត់អត្រាប្រេងឥន្ធនៈថ្មី និងដំឡើងថ្លៃសាំងយ៉ាងតិច ៥០% កាលពីថ្ងៃសុក្រ។ ប្រធានអង្គការផែនការ និងថវិការបស់ប្រទេសលោក Mohammad Bagher Nobakht បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា វិធានការនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវថវិកាចំនួន ២.៥៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៦០លាននាក់ ដែលកំពុងត្រូវការនឹងទទួលបានប្រាក់ពី ៤.៦៨ដុល្លារ សម្រាប់គូស្វាមីភរិយា រហូតដល់ ១៧.៤៦ដុល្លារ សម្រាប់គ្រួសារដែលមានសមាជិក ៥នាក់ ឬច្រើនជាងនេះ។
ស្ថិតក្រោមគ្រោងការណ៍នេះអ្នកបើកបរដែលមានកាតឥន្ធនៈនឹងត្រូវចំណាយ ០.១៣ដុល្លារ ក្នុងមួយលីត្រសម្រាប់ប្រេង ៦០លីត្រដំបូង ដែលបានទិញជារៀងរាល់ខែ ដោយមួយលីត្របន្ថែមទៀតត្រូវចំណាយអស់ ០.៧១ដុល្លារ។ រដ្ឋាភិបាលក៏បានបិទការប្រើប្រាស់អ៊ីនធឺណេតនៅទូទាំងប្រទេស ដែលមានប្រជាជនជាង ៨០លាននាក់នេះផងដែរនៅថ្ងៃបាតុកម្មនោះ ហើយវាបានធ្វើឱ្យកាន់តែមានកំហឹងពីអ្នកតវ៉ាកាន់តែខ្លាំង៕




អត្ថបទ៖ លីដា