ខឹងខ្លាំងពេក អ្នកភូមិព្រួតគ្នាវាយក្រុមចោរដើរលួចឆ្កែរហូតដល់ស្លាប់ម្នាក់ (មានវីដេអូ)
ចិន៖ ក្រុមចោរដើរលួចទាក់សត្វឆ្កែយកទៅលក់ចំនួន ៤នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយឲ្យរងរបួសធ្ងន់ធ្ងរហើយក្នុងនោះក៏មានចោរម្នាក់ត្រូវស្លាប់ផងដែរ ទម្រាំតែប៉ូលិសទៅជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះពួកគេពីការព្រួតវាយរបស់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangxi ខេត្ត Yulin ភាគខាងត្បូងប្រទេសចិន។ ចោរទាំង ៤ នាក់ខាងលើមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ តែគេគ្រាន់បញ្ជាក់ថាពួកគេជាក្រុមចោរលួចឆ្កែយ៉ាងសកម្ម ដែលប្រជាពលរដ្ឋកើតចិត្តខឹង និងគុំពួកគេយ៉ាងខ្លាំងជាយូរមកហើយ។ នៅក្នុងថ្ងៃកើតហេតុក្រុមចោរបានធ្វើសកម្មភាពថ្លោះធ្លោយ ហើយក៏ត្រូវប្រជាពលរដ្ឋចាប់បាន និងព្រួតគ្នាវាយយ៉ាងចាស់ដៃតែម្តង។
យ៉ាងណាក្តី បន្តិចក្រោយមកប៉ូលិសបានទៅជួយធ្វើអន្តរាគមន៍ក្នុងករណីនេះ និងជួយបញ្ជូនក្រុមចោរ ៣នាក់ដែលនៅរស់មានជីវិតទៅកាន់មន្ទីរពេទ្យសិន មុននឹងឲ្យពួកគេទទួលទោសតាមផ្លូវច្បាប់។ សូមបញ្ជាក់ជូនថា តំបន់កើតហេតុខាងលើនេះជាតំបន់ដែលមានតម្រូវការទទួលទានសាច់ឆ្កែខ្លាំងបំផុតមួយ ហើយកន្លងមកក្រុមប្រជាពលរដ្ឋដែលស្រលាញ់សត្វឆ្កែក៏ធ្លាប់ស្នើឲ្យបង្កើតច្បាប់ហាមមិនឲ្យសម្លាប់សត្វឆ្កែដើម្បីយកមកធ្វើជាអាហារផងដែរ៕

អត្ថបទ៖ ភក្តី
