អតីតបុគ្គលិកធនាគារម្នាក់ ប្រកាសលក់ក្រលៀនខ្លួនដើម្បីយកប្រាក់ទិញចំណីអាហារសម្រាប់ចិញ្ចឹមឆ្មាឆ្កែជាង១០០ក្បាល
- November 20, 2019
ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ដែលធ្វើឲ្យដួងចិត្តអ្នកស្រលាញ់សត្វចិញ្ចឹមទាំងអស់រំជើបរំជួល ក្រោយអតីតបុគ្គលិកធ្វើការធនាគារមួយរូបប្រកាសលក់ក្រលៀនខ្លួន ដើម្បីយកប្រាក់មកទិញចំណីសម្រាប់ចិញ្ចឹមសត្វឆ្កែឆ្មាជាង១០០ក្បាល។
បុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា ប៉ារីឆា ក្វាន់មង្គល អាយុ៥៧ឆ្នាំ រស់នៅផ្ទះលេខ ៣១៧ ភូមិ៣ ឃុំភពព្រះ ស្រុកភពព្រះ ខេត្តតាក ប្រទេសថៃ ដោយផ្ទះរបស់គាត់មានដីប្រមាណជាង ៥រ៉ៃ ស្មើនឹង ០.៨ហិចតា។ ដោយលោកជាមនុស្សស្រលាញ់សត្វចិញ្ចឹម និងមានចិត្តសណ្តោសប្រណី ដោយដើមឡើយលោកមានសត្វឆ្កែត្រឹមតែ ៥-៦ ក្បាលប៉ុណ្ណោះ ទុកជាមិត្ត។ លុះ១០ឆ្នាំក្រោយមកចំនួនសត្វចិញ្ចឹមរបស់លោកបានកើនឡើងជាលំដាប់ ខណៈពេលដែលលោកបានចូលនិវត្តន៍ពីការងារៀផងដែរ។
សព្វថ្ងៃនេះលោកបានចិញ្ចឹមសត្វឆ្កែជាង៧០ក្បាល ចំណែកឯឆ្មាមានប្រមាណជា៣០ក្បាល ដោយពួកវាត្រូវការចំណីអាហារជាប្រចាំ ដែលជាហេតុធ្វើឲ្យលោកចាប់ផ្តើមជួបការខ្វះខាត ជាពិសេសគឺទៅលើការផ្គត់ផ្គង់របបអាហារដល់ពួកវា។ លោកពុំធ្លាប់គិតចង់សុំជំនួយ ឬ ទាមទារឲ្យមានការបរិច្ចាគពីនរណាម្នាក់នោះឡើយ ព្រោះតែលោកចង់រស់នៅមើលថែពួកវាតាមតែអាចធ្វើបាន ដោយលោកគិតថាប្រសិនបើលោកលក់ក្រលៀនមួយចំហៀងនោះលោកនឹងមានប្រាក់គ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ចំណីអាហារពួកវាបន្ត។ ការលះបង់របស់លោកធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមរំជួលចិត្តជាខ្លាំង ជាពិសេសអ្នកដែលស្រលាញ់សត្វចិញ្ចឹមទាំងអស់៕
អត្ថបទ៖ មេសា
- Share This Post:












